អ្នកនាំពាក្យក្រសួងវប្បធម៌៖ អង្គការយូណេស្កូ នឹងចុះបញ្ជីល្ខោនខោលខ្មែរ តាមសំណើររបស់កម្ពុជា

0
9

ក្រសួងវប្បធម៌ បានឲ្យដឹងថា អង្គការយូណេស្កូ នឹងចុះបញ្ជីល្ខោនខោលខ្មែរ ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក តាមសំណើររបស់ប្រទេសកម្ពុជា ដែលបានដាក់ទៅកាន់អង្គការយូណេស្កូ។

កម្ពុជាគ្មានការព្រួយបារម្ភនោះឡើយ ដោយសារកម្ពុជា មានឯកសារជាមូលដ្ឋានគ្រប់គ្រាន់ដែលបញ្ជាក់ថា ល្ខោនខោល ជារបស់ខ្មែរ ជាពិសេសកម្ពុជា បានដាក់ពាក្យស្នើរសុំទៅអង្គការយូណេស្កូ មុនប្រទេសថៃទៅទៀត នេះបើតាម ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងចិត្រសិល្បៈ។

យ៉ាងណាម៉ិញ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននៅកម្ពុជា បាននាំគ្នាបង្ហោះសារបញ្ជាក់ថា ល្ខោនខោលជារបស់ខ្មែរ មិនមែនថៃ។ ការបង្ហោះសារយ៉ាងដូច្នេះ ក៏ព្រោះតែអង្គការយូណេស្កូ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨ខាងមុខ។

ឆ្លើយតបទៅនឹងការបង្ហោះសារនេះដែរ ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះបញ្ហាការសម្រេចចិត្តរបស់អង្គការ យូណេស្កូ លើល្ខោនខោលថា ជារបស់ប្រទេសណាមួយនោះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការស្ងប់ស្ងាត់ និងសូមរង់ចាំលទ្ធផលផ្លូវការជាក់ស្ដែងជាលាយលក្ខណ៍អក្សរចេញ ពីអង្គការ យូណេស្កូ នោះទើបមានអាចយកជាការបាន និងមានតម្លៃពិតប្រាកដ៕

ដោយ៖ ខ្លាំងៗ