យុវជនចម្រុះជាតិសាសន៍ចូលរួមនៅក្នុងដំណើរកសាងសន្តិភាពអន្តរជាតិពន្ធុ

0
0

គ្រប់ជាតិសាសន៍ទាំងអស់នៅលើសាកលលោក មានជាតិសាសន៍ និងសាសនាជាច្រើន ដែលបានរស់នៅជាមួយគ្នា។ ការទទួលបានសន្តិភាពរវាងជនជាតិផ្សេងគ្នា មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ពិភពលោក។ ដោយមើលឃើញនូវទំនាស់ជនជាតិសាសនាដែលអាចបង្ករឲ្យមានភាពអសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយរបស់ជនជាតិនីមួយៗ។ ដូច្នេះ តើអ្វីដែលអាចជួយឲ្យភាពមិនយល់ពីជាតិសាសន៍ កាន់តែប្រសើរឡើងបាន?

នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានអង្គការសង្គមស៊ីវិលជាច្រើនត្រូវបានបង្កើតឡើង ដែលធ្វើការងារទៅលើសន្តិភាពជាតិសាសន៍នេះ។ ម្យ៉ាងវិញ នៅក្នុងអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនដែលដែលហៅកាត់ថា (YRDP) ដោយផ្តោតទៅលើយុវជនឲ្យចូលរួមនៅក្នុងការងារសង្គម។ អង្គការនេះ បានបង្កើតគម្រោងសកម្មភាពមួយសម្រាប់យុវជន ឈ្មោះថា « ដំណើរ កសាងសន្តិភាពអន្តរជនជាតិពន្ធុ» រួមដោយមានការចូលរួមពីយុវជនដែលមានជាតិសាសន៍ផ្សេងគ្នា និងចម្រុះសាសនា។

យ៉ាងណា ជាប្រធានគម្រោងការចូលរួមរបស់យុវជនក្នុងការងារសង្គមក្នុងការកសាងសន្តិភាព និងការផ្សះផ្សារ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។ លោក ឈាង រិទ្ធី បានបង្ហាញប្រាប់ពីគោលបំណងនេះថា « នៅក្នុងដំណើរការកសាងសន្តិភាពនេះ រៀបចំឡើង ដើម្បីឲ្យយុវជនដែលរស់នៅជាមួយគ្នានៅកម្ពុជា មានជាតិសាសន៍ និងសាសនាផ្សេងគ្នា មកសិក្សាអំពីសន្តិភាព។ ដោយនាំឲ្យយុវជនសិក្សាស្វែងយល់ពីមូលហេតុនៃទំនាស់ជនជាតិ ផលប៉ះពាល់ ហើយបន្ទាប់មកថាពួកគេអាចចូលរួមធ្វើអ្វីបានក្នុងការកសាងសន្តិភាពរវាងជនជាតិនីមួយៗនៅប្រទេសកម្ពុជាមានជនជាតិ ខ្មែរ ខ្មែរឥស្លាម ខ្មែរកម្ពុជាក្រោម និងជនជាតិដើមភាគតិច ហើយរួមមានសាសនាព្រះពុទ្ធ ឥស្លាម និងគ្រីស្ទាន។

ជាជនជាតិចាមកាន់សាសនាឥស្លាម មកពីខេត្តត្បូងឃ្មុំ និងជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកភាសាខ្មែរ កញ្ញា មូហាម៉ាត់ សាណះ វ័យ២២ឆ្នាំ បានឲ្យដឹងថា «ពីមុន ខ្លួនរស់នៅដាច់ដោយឡែកពីគេ មិនបានស្វែងយល់ពីសាសនាដ៏ទៃនោះ ។ នៅក្នុងនាមខ្លួនជាជនជាតិចាមកាន់សាសនាឥស្លាម ធ្លាប់តែមានផ្នត់គំនិតអវិជ្ជមានចំពោះសាសន៍ដ៏ទៃ តែបែរជាធ្វើឲ្យខ្លួនអាចរៀនសូត្របានច្រើន នៅពេលខ្លួនបានចូលរួមក្នុងការធ្វើការងារសង្គមជាមួយយុវជនចម្រុះជាតិសាសន៍ដ៏ទៃ។
មិនខុសគ្នានោះដែរ ព្រះតេជគុណ សុំ សុភឿន នៃពុទ្ធសាសនិក និងជានិស្សិតមកសាកលវិទ្យាល័យសីហមុនីរាជា។ ដោយព្រះអង្គមានសង្ឃដីការថា « កម្មវិធីនេះ ល្អសម្រាប់យុវជនដែលចម្រុះជាតិសាសន៍ ចម្រុះសាសនា បានធ្វើការរួមគ្នា ស្វែងយល់ពីគ្នានៅក្នុងកម្មវិធី ដំណើរកសាងសន្តិភាព។ ព្រះអង្គសង្ឃដីការបន្តថា ខ្លួនមានអារម្មណ៍ផ្លាស់ប្តូរ ដែលពីមុនធ្លាប់តែលឺពាក្យចចាមរាម តតគ្នា ដោយការគិតបុរេវិនិច្ឆ័យចំពោះជាតិសាសន៍ចម្រុះគ្នានេះ។ តែដល់ពេលដែលយើងមកសិក្សា ចែករំលែកផ្សេងៗទាក់ទងទៅនឹងការប្រកាន់ពូជសាសន៍ ការគោរពប្រតិបត្តិសាសនា និងជំនឿផ្សេងៗ។

លោក លាង សុផានី អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរ គោរពសាសនាគ្រិស និងជាប្រធានកម្មវិធីនៃអង្គការបេសសកកម្មនៃក្តីស្រឡាញរបស់អង្គការគ្រិស្ទាន។ លោកថា វាជាឪកាសដែលធ្វើឲ្យយើងរៀនសូត្រពីគ្នាទៅវិញទៅមក នៅក្នុងការកសាងសន្តិភាព និងជាពិសេសស្គាល់ពីគោលតម្លៃជំនឿរៀងៗខ្លួន ដើម្បីជាដំណើរនៅក្នុងការកសាងភាពជឿជាក់ និងផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមកនៅក្នុងសហគមន៍ខ្មែរយើង។ លោកបន្តថា បើទោះបីជា លោកមានជំនឿផ្សេង បងប្អូនខ្មែរមានជំនឿផ្សេង ហើយនិងបងប្អូនសហគមន៍ឥស្លាមមានជំនឿផ្សេង ក៏យើងអាចរស់នៅជាមួយគ្នា កសាងនូវសន្តិភាពជាមួយគ្នាទៅវិញទៅមក ដោយមិនមានការរើសអើងអ្វីឡើយ។

ភាពទទួលបានសេចក្តីសុខសន្តិភាពសម្រាប់សង្គមមួយដែលពោរពេញទៅដោយចម្រុះជាតិសាសន៍ សាសនា វប្បធម៍ផ្សេងគ្នា ហើយអាចរស់នៅជាមួយគ្នា ដោយមានក្តីស្រឡាញ់រាបអានគ្នាជាមិត្តភាពយូរអង្វែង ដោយមានការយល់ទៅលើជាតិសាសន៍រៀងៗខ្លួន។ ជាជនជាតិខ្មែរ កញ្ញា អ៊ុក ផាងសុផាណែត វ័យ២៣ឆ្នាំជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ នៅក្នុងគោលបំណងដែលខ្លួនបានចូលរួមនៅក្នុងកម្មវិធីដំណើរកសាងសន្តិភាពអន្តរជាតិពន្ធុនេះ គឺកញ្ញាចង់យល់ដឹងពីជាតិសាសន៍ផ្សេងៗ ព្រោះពីតែងគិតថាមិនអាចរស់នៅជាមួយសាសន៍ដ៏ទៃបាន។ កញ្ញា បន្ថែមថា នេះជាឪកាសមួយដែលយើងអាចបង្កើតទំនាក់ទំនងល្អ មិត្តភាព ជាមួយពួកគាត់ និងអាចចែករំលែកនូវវប្បធម៍ ចំណេះដឹង បទពិសោធន៍ជាច្រើនពីគ្នាទៅវិញទៅមក។

គួរបញ្ជាក់ផងដែរថា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បង្កើតគម្រោង ដំណើរកសាងសន្តិភាពអន្តរជនជាតិពន្ធុ នេះឡើង ក្នុងគោលបំណងបង្កើនការយលើដឹងរបស់យុវជនចម្រុះជនជាតិ អំពីឬសគល់នៃទំនាស់ និងផលប៉ះពាល់របស់វាទៅលើសង្គម ព្រមទាំងស្វែងរកដំណោះស្រាយសមស្រប សម្រាប់ការរស់នៅដោយសន្តិភាព ក្នុងសង្គមពហុវប្បធម៍៕

ដោយៈ ហៀង រ័ត្ន