ចិនគ្រោងចំណាយទុនជាង១ពាន់លានដុល្លារ ដើម្បីបង្កើត«ក្រុងវិស្សមកាលទេសចរណ៍»ក្នុងខេត្តកោះកុង

0
2

ក្រុមហ៊ុនចិន UNION Development គ្រោងវិនិយោគ ១២០០លានដុល្លារ លើការសាងសង់«ក្រុងវិស្សមកាលទេសចរណ៍»ក្នុងខេត្តកោះកុង នៅដើមឆ្នាំ២០១៩ ។ នេះបើយោងតាមFacebookក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៨ ។

គម្រោងនេះ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅកម្ពុជា។ លោក លី តាវ (Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន UNION Development បានឲ្យដឹងនៅក្នុងជំនួប ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា គម្រោង «ក្រុងវិស្សមកាលទេសចរណ៍»នេះ នឹងសាងសង់ឡើង តាមបែបហេដ្ឋារចនាសម្ព័ន្ធចម្រុះ រួមមាន៖ សណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូទំនើប បឹងកាឡូ ការិយាល័យធ្វើការ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ នៅលើផ្ទៃដី១២០០ហិចតា ក្នុងខេត្តកោះកុង។

សូមរំលឹកផងដែរថា ក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិចតា។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគចំនួនជាង ១,៥០០លានដុល្លារហើយ លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនរួមមាន៖ ប្រព័ន្ធគមនាគមន៍, ក្លឹបវាយកូនហ្គោល, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅអន្តរជាតិ, សួនលម្អ, បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម៕

ដោយ៖ ខ្លាំងៗ