យន្តហោះចម្បាំងរុស្ស៊ី​ វាយប្រហារលើស៊ីរី សម្លាប់ជីវិត​មនុស្ស​០៩នាក់​នៅខេត្ត Idlib

ជនស៊ីវិលយ៉ាងហោចណាស់ ០៩នាក់ ក្នុងនោះ​រួមមាន​ទាំងកុមារផងដែរ ត្រូវបានសម្លាប់​នៅក្នុងការវាយប្រហារ​តាមផ្លូវអាកាស​ដោយយន្ដហោះ​ចម្បាំង​រុស្ស៊ី​នៅខេត្ត អ៊ីដលីប (Idlib) នៅក្នុងស្ថានភាព​ដែល​កងកម្លាំង​រដ្ឋាភិបាលស៊ីរី កំពុងត្រៀម​វាយលុកលើមូលដ្ឋានរឹងមាំ​ ចុងក្រោយមួយនេះ​របស់ក្រុម​ឧទ្ទាមស៊ីរី។ នេះជាការលើកឡើងរបស់ក្រុមអង្គការឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

 ​អង្គការឃ្លាំមើល​សិទ្ធិមនុស្សស៊ីរីថា ការវាយប្រហារតាម​ផ្លូវអាកាសរបស់រុស្ស៊ី មានគោលដៅលើ​ទីតាំងចំនួន ២៤កន្លែង របស់ក្រុមឧទ្ទាមស៊ីរី​នៅក្នុងខេត្ត Idlib ហើយការវាយប្រហារនៅថ្ងៃអង្គារសប្ដាហ៍នេះទៀតសោត កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រុមឧទ្ទាមស៊ីរី បើកការវាយប្រហារលើមូលដ្ឋានរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅឯខេត្ត ឡាតាគា (Latakia) ដោយផ្ដាច់ជីវិតអ្នកប្រយុទ្ធ​គាំទ្រលោក អាសាដ ចំនួន០៣នាក់។

គួរបញ្ជាក់ថា នៅក្នុងចំណោម​ជនរងគ្រោះទាំង ០៩នាក់ខាងលើ ក៏មានកុមារ ០៥នាក់ ដែលជាសមាជិក​គ្រួសារតែមួយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស​របស់រុស្ស៊ី និង​១០នាក់ទៀត​បានរងរបួស៕

ដោយ៖ ខ្លាំងៗ