ទូរស័ព្ទ​ Samsung​ នឹងបង្ហាញពីបច្ចេកវិទ្យាថ្មីដែលអាច​បត់​នៅ​ចុងឆ្នាំ​២០១៨នេះ

នៅពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ប្រកាសពីសមត្ថភាពទូរស័ព្ទប្រភេទថ្មីរបស់ខ្លួនដែលអាចបត់បាននៅចុងឆ្នាំ២០១៨នេះ។ ប្រភេទទូរស័ព្ទស្មា​ត​ហ្វូ​ននេះមានសមត្ថភាព​អាច​បត់បែន​បាន​ និង​មាន​ស្គ្រី​ន​(Screen)តែ​មួយ​ប៉ុណ្ណោះ ។

លោក DJ Koh នាយក​ប្រតិបត្តិ​អាជីវកម្ម​ទូរស័ព្ទ​ដៃ​ប្រចាំ​ក្រុមហ៊ុន Samsung បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា Samsung នឹង​ប្រកាស​នូវ​ព័ត៌មាន​លម្អិត​ស្ដី​ពី​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​នៅ​ចុងឆ្នាំ​នេះ។ លោកបន្ថែមថា «វា​ដល់​ពេល​ក្នុង​ការ​ផ្តល់​ជូន​ហើយ បន្ទាប់​ពី​ការ​ស្ទង់​មតិ​របស់​Samsung បាន​បង្ហាញ​ថា ទូរស័ព្ទ​ទាំងនេះ​មាន​ទីផ្សារ » ។

វាមានលក្ខណៈមិនខុសគ្នាជាមួយនឹងទូរស័ព្ទ Samsung ​ចាស់​ៗ​នោះទេ តែផ្តោត​សំខាន់​លើ​ការ​បង្កើត​ស្គ្រី​ន​ដែលអាចបត់បែនតែ​ម្តង ។

លោក Koh បាន​បង្ហើបឱ្យដឹងថា ព័ត៌មាន​បន្ថែម​អាច​នឹង​ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ឆ្នាំ​នេះ​ក្នុង​សន្និសីទ Samsung Developer Conference នា​ខែវិច្ឆិកាខាងមុខនេះ ​នៅ​រដ្ឋ San Francisco សហរដ្ឋ​អា​មេរិ​ក។

ការប្រកាសជាព័ត៍មានថ្មីនេះ ​Samsung ចង់​ជំរុញ​ការ​លូតលាស់​នៃ​អាជីវកម្ម​ទូរស័ព្ទ​ដៃ​របស់​ខ្លួន ​ដោយ​មើលឃើញ​ការ​លក់​ធ្លាក់​ចុះ​ប្រមាណ​២០%​កាលពី​ត្រីមាស​ទី​២​ឆ្នាំ​នេះ ។

ជានាយក​ប្រតិបត្តិ​អាជីវកម្ម​ទូរស័ព្ទ​ដៃ​ប្រចាំ​ក្រុមហ៊ុន Samsung ប្រាប់ឱ្យដឹងទៀតថា «ក្រុមហ៊ុន​​កំពុង​តែ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្រិត​មធ្យម​ឲ្យ​មាន​ទូរស័ព្ទ​តម្លៃ​ទាប​កាន់តែ​ច្រើន និង​មាន​បច្ចេកវិទ្យា​ថ្មី​ៗ» ៕

គួររំលឹកថាផងដែរថា ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូងមួយនេះ ​កំពុងតែបង្ហាញនូវបច្ចេកវិទ្យាថ្មីរបស់ខ្លួន ស្របពេល ​ក្រុមហ៊ុន Apple និង​Huawei ក៏កំពុងតែលេចធ្លោរពេញនិយម និងមានការប្រកួតប្រជែងគ្នា​ក្នុង​ទីផ្សារ​ទូរស័ព្ទ​កម្រិត​ខ្ពស់​។ យ៉ាងណា ក្រុមហ៊ុន Samsung អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុនរបស់ខ្លួន​មាន​ភាព​ខុស​ប្លែក​ពី​ដៃគូ​ប្រកួតប្រជែងពីបច្ចេកវិទ្យាថ្មីចុងឆ្នាំ២០១៨នេះ។

ដោយ៖ ខ្លាំងៗ