រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ចេញនូវគោលការណ៍ចំនួន៧ចំណុច ដល់ថ្នាក់ដឹកនាំក្រសួង អនុវត្តនៅអាណត្តិថ្មីនេះ

0
1

នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលការណ៍ចំនួន៧ចំណុច ដើម្បីឱ្យថ្នាក់ដឹកនាំក្រសួងទាំងអស់អនុវត្តតាមគោលនយោបាយរបស់ក្រសួង ប្រកបដោយឆន្ទៈ ស្មារតីទទួលខុសត្រូវ និងភាពជោគជ័យ ក្នុងការអភិវឌ្ឍន៍លើវិស័យកសិកម្ម។ នេះបើតាមការដកស្រង់ព័ត៍មានពីគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍ ប្រកាសសមាសភាពថ្នាក់ដឹកនាំ និងបែងចែកតួនាទី ភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង ក្រោយពីបានតែងតាំងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដើម្បីបម្រើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាណត្តិទី៦ នៃរាជរដ្ឋាភិបាល។

ថ្លែងក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន បានដាក់ចេញនូវគោលការណ៍ចំនួន៧ចំណុច ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលទាមទារឲ្យមានគំនិត ឆន្ទះនិងយុទ្ធសាស្រ្តថ្មីៗថែមទៀតដើម្បីផ្លាស់ប្តូរ កែលម្អឲ្យបានប្រសើរឡើងរួចឈានទៅសម្រេចនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ពិសេសឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

គោលនយោបាយទាំងនោះ មានដូចជា៖

ទី១.បន្តគាំទ្រការលើកកម្ពស់ និងជំរុញការ អភិវឌ្ឍវិស័កសិកម្ម  ដើម្បីធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ទី២.ជំរុញការអនុវត្តកសិកម្មប្រកបដោយស្ថិរភាព និងមានភាពធន់ទ្រាំនឹងការប្រែ ប្រួលអាកាសធាតុ។ ត្រូវផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អទាំងក្នុងវិស័យផលិតកម្មសត្វ និងសុខភាពសត្វ និងវិស័យជលផលដើម្បីធានាឲ្យមានការផ្លាស់ប្តូរ និងត្រូវធ្វើឲ្យប្រសើរឡើងដល់ការកំណត់ ការគ្រប់គ្រងហានិភ័យធម្មជាតិ និងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។

ទី៣.ត្រូវអនុវត្តរាល់ វិធានការដើម្បីកាត់បន្ថយការថមថយនៃគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងធ្លាក់ចុះប្រព័ន្ធអេកូឡូស៊ី។ អង្គភាពជំនាញត្រូវបន្តខិតខំរៀបចំកំណត់តំបន់ដាំដុះឲ្យបានសមស្របតាមប្រភេទដំណាំនិងទិសដៅប្រើប្រាស់យូរអង្វែង។

ទី៤.ជំរុញនិងលើកទឹកចិត្តវិស័យឯកជនឲ្យចូលរួមផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗដូចជា ការប្រើគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម ការផលិតពូជថ្មី ការកែច្នៃវិចខ្ចប់ទទួលបានការគាំទ្រទីផ្សារក្នុងស្រុក និងការនាំចេញ។

ទី៥.បង្កើនកិច្ចសហការពហុភាគីក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា ដើម្បីបង្កើនភាព កក់ក្តៅនិងទំនុកចិត្តជូនប្រជាកសិករ និងពាណិជ្ជករ។

ទី៦.គ្រប់អង្គភាពក្រោមឱវាទត្រូវបន្តជំរុញការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តដែលមានស្រាប់ ឲ្យមានប្រសិទ្ធភាព និងបន្តរៀបចំនិងចងក្រងលិខិតបទដ្ឋានគតិយុត្តឲ្យសមស្រមតាមនិន្នាការរីកចម្រើនរបស់ជាតិ។

ទី៧.ជំរុញការធ្វើកសិកម្មចម្រុះរួមបញ្ជូលទាំងការចិញ្ចឹមសត្វ ដាំដំណាំ ចិញ្ចឹមត្រីក្នុងសហគមន៍ព្រៃឈើ និងសហគមន៍នេសាទដើម្បីកាត់បន្ថយការពឹងពាក់ទាំងស្រុកលើ ធនធានធម្មជាតិ ឈានទៅកាត់បន្ថយភាពក្រីក្រ។

ដោយ៖ ខ្លាំងៗ