កូរ៉េខាងជើង នៅតែមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ បើសិនអាមេរិកនៅមិនអាចទុកចិត្តបានទាំងស្រុងសម្រាប់ខ្លួន

0
1

តាមការចេញផ្សាយដោតយសារព័ត៌មាន The Washington Post កាលយប់ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) ថា ប្រទេសរបស់លោក នឹងពុំមានថ្ងៃបោះបង់​ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាដាច់ខាត ប្រសិនបើទីក្រុងព្យុងយ៉ាងនៅតែមិនអាចជឿទុកចិត្តទីក្រុងវ៉ាស៊ីនតោនបាន។

ថ្លែងក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក ប្រមុខការទូតកូរ៉េខាងជើង លោក រី យ៉ុងហូ បានសុំឲ្យសហរដ្ឋអាមេរិក គោរពតាមការសន្យាដែលបានធ្វើឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូល​ នៅប្រទេសសិង្ហបុរី កាលពី​ប៉ុន្មានខែមុន រវាងមេដឹកនាំនៃប្រទេសទាំងពីរ។

ការលើកឡើងបែបនេះ ដោយសារកូរ៉េជាងជើងប្រតិកម្មចំពោះការបន្តដាក់ទណ្ឌកម្ម និងការជំទាស់របស់សហរដ្ឋអាមេរិក លើ​​ការព្យាយាមព្រមព្រៀងលើសេចក្តីប្រកាសបញ្ចប់សង្រ្គាមនៅឧបទ្វីបកូរ៉េ។ ​ការព្រួយបារម្ភទីក្រុងវ៉ាស៊ីនតោនអំពីរឿងនេះ ដោយ​សារ​តែ​ខ្លួន​ យល់ថាពុំទាន់ឃើញទីក្រុងព្យុងយ៉ាង បានពង្រីកខ្លួនគួរឲ្យកត់សម្គាល់ អំពីដំណើរការរំសាយអាវុធនុយក្លេអ៊ែរ។

ទាក់ទិននឹងរឿងនេះ មេដឹកនាំទាំងពីរមានបំណង រៀបចំកិច្ចប្រជុំកំពូលជាថ្មីម្តងទៀត ស្របពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ គ្រោងនឹង​ទៅ​បំពេញ​​ទស្សន​កិច្ច​ទៅ​កាន់ទីក្រុងព្យុងយ៉ាង នៅខែក្រោយនេះ ដើម្បីចាត់ចែងសម្រាប់ជំនួបត្រាំ-គីមលើកទីពី៕