គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅឥណ្ឌូណេស៊ី ត្របាក់យកជីវិតមនុស្សកើនដល់៨៣២នាក់ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ

0
4

យោងតាមប្រភពព័ត៍មានដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ កាលរសៀលថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ បានឱ្យដឹងថា ចំនួនមនុស្សបាត់បង់ជីវិតកើនដល់៨៣២នាក់ហើយ ដោយសារគ្រោះរញ្ជួយដី ជាមួយនឹងរលកយក្ស​នៅ​លើ​កោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី ខណៈក្រុមជួយសង្រ្គោះ កំពុងសស្រាក់សស្រាំ ដើម្បី​តាម​ស្វែងរកជនដែលអាចនៅរស់រានមានជីវិត រួមនឹងសាកសពអ្នកដែលស្លាប់ នៅតាមតំបន់នានា ដែលរងការវាយប្រហារពីគ្រោះរញ្ជួយដីនេះ។

ប្រភពព័ត៍មានដដែលបានបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីកម្រិតធ្ងន់​៧.៥រ៉ិចទ័រ (ពីដំបូង​៧.៧រ៉ិចទ័រ) បានវាយប្រហារលើកោះ Sulawei និង​បង្កជារលកយក្សយ៉ាងខ្លាំង ហើយចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើងជាលំដាប់។

ដោយឡែកទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ក៏បានបញ្ជាក់ដែរថា ប្រជាជនប្រមាណ២.៤លាននាក់ ត្រូវគេប៉ាន់ស្មានថា បានទទួល​រងផលប៉ះពាល់ដោយសារតែគ្រោះធម្មជាតិដ៏អាក្រក់នេះ។ ទន្ទឹមនឹងនេះ មនុស្សរាប់រយនាក់ទៀត បានរងរបួស និងយ៉ាងតិច​ប្រហែល​១៧,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។

គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិនេះ បានកើតឡើងកាលពីថ្ងៃសុក្រកន្លងទៅ ដែលបានបោកសង្រ្គប់ទៅលើ​ទីក្រុង Palu និងតំបន់ក្បែរខាងដទៃទៀត នៃកោះ Sulaweisi បន្ទាប់ពីរញ្ជួយដីកម្រិត​៧.៥រ៉ិចទ័រ៕