សាកសពកើន​ដល់ជិត២០០០នាក់ ក្រោយ​គ្រោះរញ្ជួយដី និងស៊ូណាមិ​ ​នៅឥណ្ឌូណេស៊ី

0
5

គ្រោះរញ្ជួយដី និងរលកយក្ស​ស៊ូណាមិ​វាយប្រហារដីកោះ ស៊ូឡាវ៉េស៊ី ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី​ កាលពីថ្ងៃសៅរ៍​សប្តាហ៍មុននេះ បានបង្កចំនួនមនុស្ស​ស្លាប់ កើន​ឡើងដល់ ១,៩៤៤នាក់ហើយ បន្ទាប់​ពីសាកសព​រាប់រយនាក់បន្ថែម​ទៀតត្រូវបានក្រុមសង្គ្រោះរកឃើញ ខណៈប្រតិបត្តិកា​រ​រុករកមនុស្សបាត់ខ្លួននេះ នឹងត្រូវបញ្ចប់​នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍ក្រោយ។ នេះបើតាម​ការចេញផ្សាយដោយ ស៊ីនហួរ នាយប់​ថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។

តាមអ្នកនាំពាក្យក្រុម​សង្គ្រោះ នៃខេត្តភាគកណ្តាល​ឥណ្ឌូណេស៊ីបានអះអាងថា ក្រៅពីចំនួន​មនុស្សស្លាប់​ កើនឡើងដល់ជិត ២,០០០នាក់ មនុស្ស​សរុប ២,៥៤៩នាក់ទៀត កំពុងសម្រាកព្យាបាល​នៅឯមន្ទីរពេទ្យ ដែលមនុស្សរាប់រយរាប់ពាន់នាក់ទៀត​ត្រូវបានគេជឿជាក់ថា កំពុងបន្តបាត់ខ្លួននៅ​ឡើយនៅក្រោម​គំនរអគារ-លំនៅឋាន និងល្បាប់ភក់​ដែលបង្កឡើង​ដោយគ្រោះរញ្ជួយដី​កម្រិត ៧.៧រ៉ិចទ័រ និងរលកយក្ស​ស៊ូណាមិកម្ពស់ ០៦ម៉ែត្រ។