តាមការចេញផ្សាយដោយ Washington Post នាយប់ថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមទទួលលិខិតលាលែងពីតំណែងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ (UN) ពីសំណាក់លោកស្រី Nikki Haley ហើយ ដោយមន្ត្រីជំនិតលោក ត្រាំ រូបនេះនឹងលាលែងជាផ្លូវការតែម្តង នៅចុងឆ្នាំ២០១៨។
លោកស្រី Haley គឺជាមន្ត្រីដែលបានបម្រើលោក ដូណាល់ ត្រាំ តាំងតែពីលោកស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ ហើយស្នាដៃដែលគួរឲ្យកត់សម្គាល់របស់លោកស្រី គឺការព្យាយាមការពារនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅលើឆាកអន្តរជាតិ ជាពិសេសគឺការទាញសហរដ្ឋអាមេរិកឲ្យចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលកាលណោះលោកស្រីបានហៅស្ថាប័នេះថា ជាបរាជ័យដ៏អាក្រក់មួយរបស់ UN។
យ៉ាងណា មូលហេតុពិតប្រាកដនៃការលាលែងរបស់លោកស្រី Haley គឺមិនទាន់មានការបញ្ជាក់ច្បាស់នៅទេឡើយ៕