កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ

0
64

ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចតេជោនាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្រ្តីចិន សម្ដេចតេជោបានជម្រាបជូនលោកនាយករដ្ឋមន្រ្តីចិន ពីការដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលតាមរយ:នោះ សម្តេចសូមគោរពអញ្ជើញ នាយករដ្ឋមន្រ្តីចិន ចូលរួមក្នុងកិច្ចប្រជុំកំពូលនោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការផ្លាស់ប្តូរ នូវមតិជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសលើទំនាក់ទំនងចិន អាស៊ាន ក្នុងនោះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាពីការនាំអង្ករពីកម្ពុជាទៅកាន់ប្រទេសចិន ដែលកន្លងមកចិនបានផ្តល់កូតានាំចេញអង្ករពីកម្ពុជា ទៅកាន់ប្រទេសចិនចំនួន៣០ម៉ឺនតោន។


បើតាមរយៈហ្វេសប៊ុកផ្ទាល់របស់សម្ដេច៖លោកនាយករដ្ឋមន្រ្តីចិន បានមានប្រសាសន៍ថា ចិនតែងតែគាំទ្រប្រទេសកម្ពុជា ពិសេសការគាំទ្រដល់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបន្តថា ចិននឹងបន្តគាំទ្រដល់ការនាំចូលផលិតផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ជាបន្តបន្ទាប់ទៀត៕