កម្ពុជាចាប់ផ្តើមជួសជុលអាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញតាមស្តង់ដារអន្តជាតិ

0
19
រូបភាពដោយ៖ក្រសួងសាធារណការ និងដឹកជញ្ជូន

នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ ក្រសួងសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីក្រុងពាលី និងចាប់ផ្តើមបើកការជួសជុល និងសាងសង់ អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ សម្រាប់ការហ្វឹកហាត់របស់អត្តពលិកកម្ពុជា ដើម្បីត្រៀមខ្លួនដណ្តើមយកមេដៃជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្តារឡើងវិញអាងហែលទឹក និងអាងលោតទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានឱ្យដឹងថា៖« អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក កំពុងត្រូវបានជួសជុល ឱ្យប្រសើរឡើងតាមស្តង់ដារអន្តរជាតិ ដែលអាចឱ្យអត្តពលិកកម្ពុជាហ្វឹកហាត់ត្រៀមខ្លួនយក មេដៃជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ខាងមុខ»។

ការជួសជុល និងសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះឡើងវិញ ដោយមានការសហការជាមួយក្រុមហ៊ុន ស៊ៀងហៃ ខន់ស្ត្រាក់ស៊ិន ដែលមានបទពិសោធន៍ក្នុងការកសាងអាងហែលទឹកអន្តរជាតិ។ ម្យ៉ាងវិញទៀត ឯកឧត្ត ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ផងដែរពីគម្រោងថវិកានៃការជួសជុលអាងទឹកនេះ គឺបានពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន និង ស្វែងរកមេដៃជូនជាតិឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលនៃការជួសជុលអាងហែលទឹករហូតសម្រេចរួចរាល់ជាស្ងាពរ កីឡាករ-កីឡាការិនី នឹងត្រូវទៅហ្វឹកហាត់នៅកន្លែងថ្មីជាបណ្តោះអាសន្នសិន។ ជាមួយគ្នានោះដែរការជួសជុលអាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពីប្រាំពីរខែទៅប្រាំបីខែពីចន្លោះខែឧសភា ទៅខែមិថុនា ឆ្នាំ២០១៩៕