ក្រសួងកសិកម្មចាប់ផ្តើមបង្កើតឲ្យមានកិច្ចសហការរវាងវិស័យឯកជននិងកសិករក្នុងការធ្វើកិច្ចសន្យាទិញលក់ភោគផលកសិកម្ម

0
15

 

ដោយ៖ សំអុន ណារី

ក្រសួងកសិកម្មចាប់ផ្តើមបង្កើតឲ្យមានកិច្ចសហការរវាងវិស័យឯកជននិងប្រជាកសិករក្នុងការធ្វើ​​កិច្ច​សន្យា​​ទិញលក់ភោគផលកសិកម្មដែលប្រជាកសិករប្រមូលផលបាន ដើម្បីដោះ​ស្រាយ​វិបត្តិគ្មានទីផ្សារ​និងរក្សា​តម្លៃ​លក់បានសមរម្យ។

រដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យដឹងថា ការធ្វើកសិកម្មតាមកិច្ចសន្យានឹងទទួលបានផល ចំណេញច្រើនដល់កសិករ ពោលគឺកសិករផលិតដំណាំស្របតាមតម្រូវការចង់បានរបស់វិស័យឯកជន ក្នុងតម្លៃដែលបានចរចាគ្នា ហើយមិនបារម្ភពីបញ្ហាគ្មានទីផ្សារទៀតឡើយ។

ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការជំរុញធ្វើ​​កសិកម្មតាមកិច្ចសន្យាជាមួយកសិករនេះ បានធ្វើឡើយដោយសារតែកន្លងមកភោគផល​​កសិកម្មដែល​​ផលិតបាន​មាន​ភាពជន់ជោរលើសសេចក្តីត្រូវការក្នុងស្រុក ឬនាំចេញដែលធ្វើឲ្យឈ្មួញបង្អាប់ថ្លៃជាដើម។

ឯកឧត្តម បញ្ជាក់ថា ក្រសួងនឹងពង្រឹងវិធានជំរុញឲ្យកសិករធ្វើកសិកម្មតាមកិច្ចសន្យានេះអោយ​​បានកាន់តែ​ច្រើន​នៅទូទំាងប្រទេស ដើម្បីផ្តល់ភាពកក់ក្តៅក្នុងការលក់នៅលើទីផ្សារនិងធានាបាននូវតម្លៃ ដើម្បីជួយលើក​​កម្ពស់​​សេដ្ឋ​កិច្ចគ្រួសារ ជួយកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាកស្រុកជាដើម ។

ឯកឧត្តម បានបញ្ជាក់ទៀថា ការធ្វើកសិកម្មតាមកិច្ចសន្យានេះ ក្រសួងបានចាត់ឲ្យនាយកដ្ឋានកសិកម្មចុះជួយ​​ផ្តល់ជាយល់បល់ ជំនួយបច្ចេកទេស ជួយដល់កសិករ និងវិស័យឯកជន ដើម្បីអោយអនុវត្តទៅមានភាពជោគជ័យ មានលទ្ធភាពពង្រីកបានលឿន ។

សូមបញ្ជាក់ថា គម្រោងធ្វើកសិកម្មតាមកិច្ចសន្យារបស់ក្រសួងកសិកម្មមកពេលនេះ មានក្រុមហ៊ុនឯកជនបាន​​ភ្ជាប់​​កិច្ចសន្យាធ្វើកសិកម្មជាមួយកសិករនិងសហគមន៍កសិករបានជាច្រើន កន្លែងនៅទូទំាងប្រទេស ដោយផ្តោត​លើ​ដំណាំ​ស្រូវ ពោត ដំលូងមី ស្វាយ ចេកអំបូងលឿង នឹងដំណាំឈើហូបផ្លែជាច្រើនមុខទៀត ដែលជាតម្រូវការ​ហូប​ចុករបស់ប្រជាពលរដ្ឋក្នុងស្រុក និងការនាំចេញ៕