អាជ្ញាធរជាតិអប្សរា ចុះអនុស្សរណៈជាមួយវិទ្យាស្ថានKICTប្រទេសកូរ៉េ ដើម្បីរៀបចំលំហូរ ចរាចរណ៍ ក្នុងរមណីយដ្ឋានអង្គរ

0
7

 

ដោយ៖ សំអុន ណារី

អាជ្ញាធរជាតិអប្សរាបានសម្រេចចុះអនុស្សរណៈយោគយល់គ្នាមួយជាមួយវិទ្យាស្ថានកូរ៉េ សម្រាប់វិស្វកម្មសំណង់ និងបច្ចេកវិទ្យា KICT (Korea Institute of Civil Engineering and Building Technology) ដើម្បីសិក្សាលើការរៀបចំលំហូរចរាចរណ៍នៃភ្ញៀវទេសចរជាតិ និងអន្តរ ជាតិក្នុងរមណីយដ្ឋានអង្គរ។ 

ឯកឧត្តម សុខ សង្វារ ក៏បានថ្លែងអំណរគុណចំពោះវិទ្យាស្ថាន KICT ដែលបានគាំទ្រ​ចំពោះកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានអង្គរ តាមរយៈកិច្ចសហការដែលឈាន​មកដល់ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ។ ឯកឧត្តមបានបញ្ជាក់ថា អនុស្សរណៈ​នេះ គឺជាលទ្ធផលមួយយ៉ាងល្អ ក្រោយពីក្រុមទាំងពីរបានធ្វើការជាមួយគ្នាអស់រយៈ​ពេលជាង​មួយឆ្នាំកន្លងមក។

ឯកឧត្តមបានលើកឡើងថា តាមរយៈកិច្ចសហការរវាងស្ថាប័នទាំងពីរនឹងកាន់តែរឹងមាំ ថែមទៀត និងសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរនាពេលឆាប់ៗខាងមុខនេះ ជាពិសេស គឺការរៀបចំលំហូរចរាចរណ៍ក្នុងតំបន់អង្គរបានល្អប្រសើរ ដែលអាចកាត់បន្ថយនូវផល ប៉ះពាល់ទាំងផ្នែកបរិស្ថាន និងបេតិកភណ្ឌក្នុងតំបន់អង្គរ។

បើតាមក្រសួងព័ត៌មាន ពិធីចុះហត្ថលេខានេះដែរ ក៏បានធ្វើឡើងបន្ទាប់ពីដំណើរ​ទស្សនកិច្ច​ជាផ្លូវការរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីចុងខែតុលាកន្លងទៅថ្មីៗ​នេះ។គោលបំណងចម្បងនៃអនុស្សរណៈនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សា រួមគ្នាអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងចរាចរក្នុងរមណីយដ្ឋាន អង្គរឱ្យបានល្អប្រសើរ ក្នុងន័យត្រៀមខ្លួនសម្រាប់កំណើនទេសចរណ៍ជារៀងរាល់ឆ្នាំ៕