កម្ពុជា ស្នើឱ្យបណ្ដាប្រទេសនានាចូលរួមពង្រីកវិសាលភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ

0
6

ដោយ៖ សំអុន ណារី

ក្នុងខណៈដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធ​ប្រឆាំ​ង​​ឱសថក្លែងក្លាយ ដែលមានការចូលរួមពីបណ្ដាប្រទេសជាច្រើន ពិសេសប្រទេសតំបន់ទន្លេមេគង្គ នា​ថ្ងៃទី៥ និងទី៦ ខែវិច្ឆិកាឆ្នាំ២០១៨នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ​មហា​សេ​នា​ប​តី​តេ​ជោ ហ៊ុន សែន បានស្នើឱ្យបណ្ដាប្រទេសធំៗមួយចំនួនទៀតចូលរួមគាំទ្រ និងពង្រីក​វិ​សា​ល​​ភាពក្នុងការប្រយុទ្ធប្រឆាំង និងឱសថក្លែងក្លាយឱ្យកាន់តែមានកាន់តែមានប្រសិទ្ធិភាព។

សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ឱសថក្លែង​ក្លា​យ​គឺ​ជាឃាតករលាក់មុខមួយ ដែលប្រជាពលរដ្ឋមួយចំនួនមិនបានដឹង ហើយកំពុងតែប្រឈម​មុខ​នឹងគ្រោះថ្នាក់ផងដែរ។​ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសកំពុង​អភិវឌ្ឍទាំ​ង​អ​ស់​​​តែងតែជួបប្រទះនូវបញ្ហានេះទាំងអស់ ហើយសម្តេចសង្ឃឹមថា តាមរយៈសេចក្តីថ្លែង​ការ​ណ៍​​​ទីក្រុងភ្នំពេញដែលនឹងចេញបន្ទាប់ពីសន្និសីទនេះ នឹងមានការចាប់អារម្មណ៍​ពី​ប​ណ្ដាប្រទេសផ្សេងៗទៀត។

ឯកឧត្ដមឯកអគ្គរដ្ឋទូត Jean David Levitteប្រធានក្រុមប្រឹក្សា​ភិ​បា​ល​វិទ្យា​ស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយក៏បានជម្រាបជូនសម្ដេចតេជោ​ថា គណៈកម្ម​ការ​រៀបចំសន្និសីទ និងក្រុមការងារបានត្រួតពិនិត្យពិ​ចារណាទៅលើ​សេចក្តី​ប្រកាសពី​ក្រុង​ភ្នំ​ពេ​ញ និងការអនុវត្តទៅមុខទៀត ថាតើធ្វើយ៉ាងណាដើម្បីទប់ស្កាត់បង្ការការ​ពារប្រយុទ្ធប្រឆាំង​នឹ​ង​​ឱសថក្លែងក្លាយនេះឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមក៏បានលើកឡើងដែងថា បន្ទាប់ពី​សន្និ​សីទ​​នេះទៅ នឹងត្រូវរៀបចំឱ្យមានសន្និសីទតំបន់ ហើយមិនត្រឹមតែតំបន់មេគង្គទេ​គឺអាចតំបន់​អាស៊ា​ន​ទាំងមូលផងដែរ នៅក្នុងការទប់ស្កាត់ឱសថក្លែងក្លាយនេះ។ ឯកឧត្តម ក៏បានអបអរ​សា​ទរ​ផងដែរចំពោះកម្ពុជាដែលទទួលរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅឆ្នាំ​២​០​​២០ ខាងមុខ។

សូមបញ្ជាក់ថា ស​ន្និ​សីទតំបន់នេះ មានការចូលរួមពីបណ្ដាប្រទេសនៅក្នុងតំបន់ជាពិសេសប្រទេសក្នុ​ង​តំបន់​មេ​​​គ​​ង្គ ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងចិនផងដែរ ព្រមទាំងមានអង្គការ​អន្តរ​​ជាតិ​ជាង​២០ផ្សេងៗទៀតដែលបានចូលរួមក្នុងសន្និសីទតំបន់ស្ដីអំពីការប្រយុទ្ធ​ប្រឆាំងឱសថ​ក្លែង​ក្លាយនេះផងដែរ៕