តែប៉ុណ្ណេះ យើងអាចរាយការណ៍ពីបញ្ហាផ្លូវខូចបានហើយ! ក្រសួងសាធារណការ ប្រកាសដាក់ឱ្យដំណើរការកម្មវិធី Road Care App នៅចុងឆ្នាំ២០១៨

0
13

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំអន្តរក្រសួងស្តីពីការងារជួសជុល និងថែទាំផ្លូវថ្នល់ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអំពីគម្រោងដាក់ឱ្យដំណើរការ កម្មវិធី Road Care App នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលជាគោលដៅមួយក្នុងចំណោមគោលដៅទាំងឡាយនៃផែនការ ១០០ថ្ងៃ នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មីនេះ។

ជាមួយនឹងការដាក់ឱ្យដំណើរការប្រើប្រាស់កម្មវិធី Road Care App នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋអាចទាញយកកម្មវិធីនេះថតយករូបភាព ផ្លូវខូច ឬជង្ហុកសំបុកមាន់ ហើយបញ្ជូនរូបភាពនោះទៅកាន់មន្ត្រីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់មកតាមរយៈរូបភាពនោះ មន្ត្រីពាក់ព័ន្ធអាចដឹងពីទីតាំងពិតប្រាកដ ហើយធ្វើការជួសជុល បានទាន់ពេលវេលា ដើម្បីបង្ការកុំឱ្យខូចរាលដាលកាន់តែធំ។

ជាមួយគ្នានេះផងដែរ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ឱ្យកាន់តែមាន ប្រសិទ្ធភាព ក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពដាក់បញ្ចូលក្រសួងអភិវឌ្ឍន៍ជនបទជា សមាជិកគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងបាន ផ្តល់ជញ្ជីងចល័តចំនួនពីរគ្រឿងដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធី(Road Care App)នេះ អាចអនុញ្ញាតឱ្យសាធារណជនរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ដោយប្រើសមត្ថភាពប្រព័ន្ធGPS។