ប្រាំយ៉ាង កសាងជំនឿជាក់លើខ្លួនឯង

0
4
Believe in yourself

មនុស្សយើងតែងតែជួបនូវទិដ្ឋភាពជាច្រើននៅចំពោះមុខ ហើយក៏តែងតែធ្វើឲ្យខ្លួនឯងមានការភ័យខ្លាច ព្រួយបារម្មណ៍ ដោយគិតថាខ្លួនឯងមិនអាចធ្វើបានល្អ គិតថាខ្លួនឯងមិនមែនជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ចេញនូវគំនិត មតិយោបល់ទៅដល់មនុស្សម្នាជាច្រើនដែលកំពុងចោលកែវភ្នែកសម្លឹងមករករូបខ្លួន។ ជាការពិត នៅពេលដែលយើងជួបនូវស្ថានភាពបែបនេះ ដោយយើងពុំដែលមានបទពិសោធន៍ទាល់តែសោះនោះ គឺអាចធ្វើឲ្យអ្នក​ មានអារម្មណ៍ថា អ្នកមិនមានទំនុកចិត្ត ភាពជឿជាក់នោះទេ។ ប៉ុន្តែ អ្នកអាចកម្ចាត់ការភ័យខ្លាច ដោយអនុវត្តនូវវិធានការប្រាំយ៉ាង ដើម្បីសាងភាពជឿជាក់៖

១. ញែកការភ័យខ្លាចចេញដោយឡែក ហើយធ្វើអ្វីម្យ៉ាង: ការមិនព្រមចាត់ការអ្វីទៅលើស្ថានការណ៍ដែលកើតមានឡើង គឺជាការបង្កើនការភ័យខ្លាចឲ្យរីកកាន់តែធំ ហើយបំផ្លាញការជឿជាក់លើខ្លួនឯង។

២. ព្យាយាមបញ្ចូលតែគំនិតល្អៗទៅក្នុងប្រព័ន្ធចងចាំ: កុំបណ្តោយឲ្យគំនិតអពមង្គល និងគំនិតត្មេះដៀលខ្លួនឯងបានរីកចម្រើនរហូតក្លាយទៅជាអសុរកាយផ្លូវចិត្ត។ មិនសើរើរឿងអតីតកាលល្វីងជូរចត់គ្រប់បែបយ៉ាងឲ្យមកញាំញីចិត្តរបស់ខ្លួនជាដាច់ខាត។

៣. ចាត់លំដាប់ថ្នាក់របស់មនុស្សក្នុងឋានៈមួយដ៏សមរម្យ: មនុស្សគ្រប់រូបមានចំណុចដូចគ្នាច្រើនជាងចំណុចខុសគ្នា។ ចូរគិតទៅលើមនុស្សក្នុងលក្ខណៈស្មើភាពគ្នា ​គេក៏ជាមនុស្សម្នាក់ដូចជាយើងដែរ។ ចូរខំស្វែងយល់ពីអ្នកដ៏ទៃឲ្យច្រើន មនុស្សភាគច្រើនឹងព្រុស តែភាគតិចទេដែលខាំ។

៤. ហ្វឹកហាត់ធ្វើនូវអ្វីដែលសតិសម្បជញ្ញៈរបស់អ្នកប្រាប់ថាត្រឹមត្រូវ: អ្វីៗទាំងនេះ​ នឹងជួយការពារអ្នកឲ្យរួចផុតពីក្តីមន្ទិលក្នុងចិត្ត។ ប្រព្រឹត្តពីអ្វីដែលត្រឹមត្រូវ ជារូបមន្តនៃជោគជ័យដែលអាចយកមកអនុវត្តបានយ៉ាងប្រសើរ។​​

៥. ធ្វើនូវអ្វីគ្រប់យ៉ាងដែលបង្ហាញថា« ខ្ញុំមានការជឿជាក់»​  និងអនុវត្តហ្វឹកហ្វាត់តិចនិចបន្តិចបន្តួចដែលគួរធ្វើប្រចាំរថ្ងៃ គឺ៖

ក. អង្គុយជួរមុខ

ខ. សម្លឹងមុខឲ្យចំ

គ.​ ដើរឲ្យលឿន

ឃ.និយាយបញ្ចេញមតិ

ង. ញញឹមដោយសុទ្ធចិត្ត។

កែសម្រួលៈ ហៀង រ័ត្ន

ប្រភពពីសៀវភៅ ៖ គិតជ្រៅ ផ្លូវឈ្នះ ( គឹម ចាន់ណា )