សមុទ្រចិនខាងត្បូងនឹងនាំឲ្យមានភ្លៀងធ្លាក់តាមបណ្តាខេត្តក្រុងក្នុងរយៈពេល៣ថ្ងៃ

ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ឲ្យដឹង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមានភ្លៀងធ្លាក់នៅតាមបណ្តារាជធានីខេត្តនានា។

នេះបើយោងតាមការតាមដានទៅលើស្ថានភាពអាកាសធាតុ ឃើញថា​ នៅក្នុងសមុទ្រចិនខាងត្បូង មានសម្ពាធទាបសកម្មមួយ​ ដែលបាននឹងកំពុងធ្វើដំណើរមកទិសខាងលិច ហើយវានឹងបន្តដំណើរមកដល់តំបន់ដីសណ្តរទន្លេមេគង្គ នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គឺចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែវិច្ឆិកា នឹងបន្តធ្លាក់នៅតាមបណ្តារាជធានីខេត្តនានា៖

១.រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ​ កំពង់ស្ពឺ កំពត កែប និងខេត្តព្រះសីហនុ ដែលនឹងមានភ្លៀង​ ​       ធ្លាក់បង្គួរទៅច្រើនទៅតាមតំបន់។

២.តំបន់ឆ្នេរ និងទៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយខ្យល់ខ្លាំង ថែមទាំងមានរលកសមុទ្រខ្ពស់ៗ  ​​​​     ជាមួយផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងពិសេសប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់​ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ដោយៈ ហៀង រ័ត្ន