ការលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមការងារនាពេលបច្ចុប្បន្ន

ស្រ្តីត្រូវបានគេចាត់ទុកថា ជាមាតាពិភពលោក ដែលគេបានប្រើប្រាស់ពាក្យមួយថា« មេ» បើយើងមើលទៅលើ ពាក្យនេះត្រូវបានគេប្រើប្រាស់នៅក្នុងឋានៈជាអ្នកដឹកនាំនៅក្នុងសង្គម ដូចជា មេភូមិ មេឃុំ មេក្រុម ឬមេកន្ទា្រញជាដើម។ ពីសម័យកាលមួយទៅសម័យកាលមួយ បរិបទសង្គមផ្លាស់ប្តូរជាបន្តបន្ទាប់។ នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នក៏ដូចគ្នាដែរ យើងងាកមកមើលស្រ្តីខ្មែរ ការរស់នៅស្ថិតក្នុងបរិបទប្រពៃណី ដែលកូនមានប្រយោគពាក្យមួយឃ្លាៗអំពីស្រ្តីខ្មែរថា« នំមិនធំជាងនៀល» «ស្រ្តីវិលចង្រានមិនជុំ» « មានកូនស្រីមួយ ដូចមានបង្គន់នៅមុខផ្ទះ» ហើយមានទស្សនៈជាច្រើនទៀតថា «កូនស្រីមិនបាច់រៀនច្រើន ឬខ្ពស់ពេកនោះទេ ព្រោះជៀសមិនរួចពីចង្រ្កានបាយឡើយ»។

ការគោរពនូវប្រពៃណីរបស់ស្រ្តីខ្មែរ ទៅតាមពាក្យដំណាលខាងលើទាំងប៉ុន្មាន យើងអាចមើលឃើញថា បច្ចុប្បន្នស្រ្តីហាក់ជាមានការរើបម្រាស់ពីគំនាបទាំងនេះ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតទៅលើតែស្រ្តី។

បច្ចុប្បន្ន​ ស្ត្រី​ទទួល​បាន​ឱកាស​ស្មើ​គ្នា​នឹង​បុរស​ ​នៅក្នុង​ទីផ្សារ​ការងារ ខណៈ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​គោលនយោបាយ​ទីផ្សារ​សេរី​ ដោយ​បើក​ឱកាស​ឲ្យ​ស្រ្តី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការងារ​ដោយ​មាន​លក្ខណៈ​ស្មើភាព។

ជាអ្នកសម្របសម្រួលបណ្តាញយែនឌ័រ និងអភិវឌ្ឃន៍ នៃអង្គការយែនឌ័រ និងអភិវឌ្ឃកម្ពុជា ហៅកាត់ថា (Gadc) កញ្ញា អេង ចាន់ឌី បានឡើង នៅក្នុងសង្គមការងារនាពេលបច្ចុប្បន្ន ស្រ្តីក៏មានតួនាទីដូចហ្នឹងបុរសដែរ ទាំងអ្នកនយោបាយ ការងារសង្គមផ្សេងៗ និងទាំងការងារផ្នែកវិទ្យសាស្ត្រ ដោយកញ្ញា យល់ឃើញថាស្រ្តីចូលរួមគ្រប់ជំពូក គ្រប់ផ្នែកនៃការងារ ទាំងអ្នកជំនួញ វិស្វករ និងការងារផ្សេងៗទៀត ដែលសុទ្ធតែស្រ្តីអាចធ្វើបានដូចបុរស។ ជាអ្នកធ្វើការផ្នែកយេនឌ័ររូបនេះ ក៏បានបន្តថា បើទោះបីជាយើងឃើញថាស្រ្តីបានជ្រៀតគ្រប់ការងារទាំងអស់ក៏ដោយ ក៏ស្រ្តីនៅតែមានការរើសអើងនៃការងារខ្លះនៅក្នុងសង្គម។ ការមើលឃើញនូវភាពខ្វះខាតរវាងបុរស និងស្រ្តី ដែលមានគម្លាតរវាងគ្នានឹងគ្នា នៅតែកើតមាននៅក្នុងសង្គម តែមិនមែនទាំងអស់នោះទេ។

កាលពី​អតីតកាល​ស្រ្តី​​ខ្មែរ​តែង​នៅ​ផ្ទះ​ និង​ធ្វើ​កិច្ចការ​ផ្ទះ​ពេញ​មួយ​ថ្ងៃ​សម្រាប់​គ្រួសារ​ដោយ​មិន​សូវ​ទទួល​បាន​​ការអប់រំ​ជ្រៅជ្រះ​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​បរិបទ​មួយ​នេះ​ត្រូវ​បាន​ផ្លាស់ប្តូរ​ស្ទើរ​ទាំង​ស្រុង ដោយ​ស្រ្តី​បាន​ទទួល​​​សិទ្ធិ​ស្មើ​គ្នា​ជាមួយ​​បុរស​​។

ស្រ្តីមួយរូប មានវ័យប្រហែលជា២៦ឆ្នាំ សក់អង្កាញ់បន្តិច ​កំពុងអង្គុយលើកៅអី ភ្នែកសំឡឹងមើលកុំព្យូទ័រ ក្នុងការិយាល័យធ្វើការរបស់ខ្លួន ទឹកមុខញញឹម ពោរពេញទៅដោយភាពជឿជាក់នៃការងាររបស់ខ្លួន។ ជាមន្ត្រីគម្រោងការចូលរួមរបស់យុវជនក្នុងការងារសង្គម និងការផ្សះផ្សារ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដែលហៅកាត់ថា (YRDP) លោកស្រី សាក់ កន្នីកា​ យល់ឃើញថាការងារស្រ្តីនាពេលបច្ចុប្បន្ន មានសន្ទុះច្រើនជាងមុន។ លោកស្រីបន្តថា ដោយសារ​ ស្រ្តីឥឡូវនេះគឺ ពួកគាត់មានកម្រិតវប្បធម៍ចំណេះដឹងខ្ពស់ ដូច្នេះ ការងារមួយចំនួនដែលបុរសធ្វើ ក៏ស្រ្តីអាចធ្វើបានផងដែរ។ ប្រៀបដូចលោកស្រី កន្និកាផងដែរ គឺអាចធ្វើបាននូវការងារ ដូចជា ធ្វើការនៅក្នុងការិយាល័យ ចុះនៅតាមសហគមន៍ និងការងារស្រាវជ្រាវផ្សេងៗទៀត គឺលោកស្រ្តីអាចធ្វើបានដូចបុរសផងដែរ។ ការមើលឃើញរបស់លោកស្រី ថានៅពេលបច្ចុប្បន្ន ការឲ្យតម្លៃដល់ស្រ្តីគឺមានច្រើន ខុសពីសម័យមុន។

លោក អាន់ ណាគីត មានវ័យ២០ឆ្នាំ សប្បុរសណ្តែកបាយ ជានិស្សិត​ឆ្នាំទី២ ជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច កំពុងអង្គុយនៅមុខអគារនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានលើកឡើងស្រដៀងនឹងសំដីខាងលើនោះដែរ ទាក់ទងទៅនឹងការឲ្យតម្លៃស្រ្តីនៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ ជានិស្សិតមកពីខេត្តឧត្តមានជ័យរូបនេះ បានបន្តថា ស្រ្តីមានសិទ្ធិច្រើន ទាំងការទទួលបានការចូលរួមធ្វើការ ព្រោះបច្ចុប្បន្នគេលើកកម្ពស់ស្រី្តឲ្យបានចូលសិក្សារៀនសូត្របានខ្ពស់ ដើម្បីទទួលបានការងារល្អ ក្នុងការចូលរួមចំណែកនៅក្នុងសង្គម។ ដោយលោកគាំទ្រ និងចង់ឲ្យស្រ្តីមានមានសមត្ថភាព​ និងតួនាទីស្មើរនឹងបុរសដែរ។

កញ្ញា ស៊ន វុទ្ធីម វ័យ២៣ឆ្នាំ មកពីខេត្តកំពង់ធំ សម្បុរស សក់ត្រឹមសា្មរ កំពុងអង្គុយអានសៀវភៅ ដើម្បីត្រៀមការប្រឡងរបស់ខ្លួននៅថ្ងៃខាងមុខ។ កញ្ញា ស៊ន វុទ្ធីម បានបញ្ចប់ថា្នក់បរិញ្ញាបត្រផ្នែកភូមិវិទ្យា។ ដោយបានលើកឡើងថា ស្រ្តីបច្ចុប្បន្ន មានតម្លាភាព និងមានសមត្ថភាពធ្វើការដោយមិនចាំបាច់ពឹងផ្អែកលើបុរសឡើយ ដោយមិនអាចគិតថាបុរសអាចមានការងារល្អជាងស្រ្តីនោះទេ គឺមានសិទ្ធិស្មើរគ្នាទាំងអស់។ ស្ត្រីរូបនេះបានបន្តទៀតចំពោះផ្នត់គំនិតថា«ស្ត្រីមិនអាចបង្វិលចង្ក្រានជុំ» ពាក្យនេះកញ្ញា យល់ថា បើយើងគិតពីសម័យបច្ចុប្បន្ន គឺមិនមានផ្នត់គំនិតបែបនេះនោះទេ ព្រោះស្រ្តី​និងបុរសមានសិទ្ធិស្មើរគ្នា ក្នុងការរកការងារធ្វើដូចគ្នា ដោយមិនប្រកាន់ការងារឡើយ ដូច្នេះ បុរសអាចធ្វើបាន ស្ត្រីក៏អាចធ្វើបានផងដែរ។

ដោយៈ ហៀង រ័ត្ន