ការចាប់យកឪកាសការងាររបស់យុវជនពេលបច្ចុប្បន្ន

0
5

ប្រទេសដែលមានការរីកចម្រើនសេដ្ឋកិច្ច គឺជាប្រទេសដែលសម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើន ដើម្បីប្រគួតប្រជែងជាមួយប្រទេសដ៏ទៃ។ យើងមើលឃើញថា សក្តានុពលដែលអាចជួយឲ្យសង្គមជាតិមានរីកចម្រើនទៅមុខបាននោះ គឺយុវជន ដែលជាសរសរទ្រូងមួយដ៏រឹងមាំ ដែលបានពីការផលិតធនធានចំណេះដឹង។

លោក​ ជាង សុខា នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ធនធានយុវជន បានឲ្យដឹងថា  យុវជនម្នាក់ៗ ត្រូវមានជំនាញអោយពិតប្រាកដ កាលណាមានជំនាញហើយ ពិតជាងាយស្រួលរកការងារ បើទោះជាទីផ្សារចង្អៀតក៏ដោយ ព្រោះការទទួលបានការងារមិនមែនជារឿងចៃដន្យនោះទេ គឺត្រូវតែមានការប្រកួតប្រជែងសមត្ថភាព ដែលយុវជនមាន។ ជានាយកប្រតិបត្តនៃអង្គការសង្គមស៊ីវិលរូបនេះ បន្ថែមថា ជំនាញដែលយុវជនគួរមានគឺ ជំនាញរឹងជា ជំនាញដែលបានសិក្សាពីការមហាវិទ្យាល័យ និងជំនាញទន់ទាក់ទងនឹងអត្តចរិត ការទំនាក់ទំនង ការគិតពិចារណាស៊ីជម្រៅ សុទ្ធតែជារឿងចាំបាច់សម្រាប់ពួកគេ។ ប៉ុន្តែអ្វីដែលសំខាន់មួយទៀត គឺគោលនយោបាយរបស់រដ្ឋាភិបាល ក៏ត្រូវធានាអំពីទីផ្សារដល់យុវជនផងដែរ ព្រោះទោះបីជាយុវជនមានចំណេះជំនាញខ្លាំងប៉ុណ្ណាក៏ដោយ បើសិនជាមិនមានទីផ្សារ ពួកគេក៏មិនអាចប្រើប្រាស់ជំនាញនោះបានដែរ នេះជាអ្វីដែលរដ្ឋាភិបាលត្រូវមានយុទ្ធសាស្ត្រប្រាកដប្រជាចំពោះយុវជន។

មិនតែប៉ុណ្ណោះ អ្វីដែលជាកត្តាចំបងគឺយុវជនខ្លួនឯងផង ដែលត្រូវតែពង្រឹងសមត្ថភាព ចំណេះ ជំនាញ។

ធ្លាប់ជានិស្សិតដែលតស៊ូនឹងការសិក្សានៅមហាវិទ្យាល័យ រហូតអាចបង្កើតក្រុមហ៊ុនដោយខ្លួនឯង។ លោក ហៀង គង់ ជាសហស្ថា​និកនៃក្រុមសាងសង់មួយ ក្នុងវ័យ២៥ឆ្នាំ។ លោកថា ដើម្បីទទួលបានការងារដែលសមរម្យ យុវជន ឬនិស្សិតគួរតែរៀនស្វែងយល់ពីការងារផ្សេងៗ បើទោះជាការងារស្ម័គ្រចិត្ត ឬក៏ការងារដែលទទួលបានប្រាក់ខែក៏ដោយ ហើយកុំរើសអើងនឹងការងារ ឲ្យតែយើងអាចរៀនសូត្រពីការងារនោះបាន ព្រោះជាប្រភពនៃបទពិសោធន៍សម្រាប់យើង។ ​នៅពេលដែលនិស្សិតធ្វើការនៅកំឡុងពេលសិក្សា គឺពួកគេទទួលបានឪកាសសិក្សាពីជំនាញទន់ផ្សេងៗ ក្រៅពីជំនាញនៅសាលា។

ទាក់ទិននឹងនេះដែរ កញ្ញា សុគន់ សុជាតា ជានិស្សិតដែលកំពុងរៀនបន្តការនៅមហាវិទ្យាល័យចំនួនពីរនៅទីក្រុងភ្នំពេញ និងធ្វើការងារស្ម័គ្រចិត្តនៅតាមស្ថាប័ននានា។ កញ្ញា​ថា យើងអាចឈ្លាតពេលពីការទំនេរការសិក្សាមកធ្វើការងារស្ម័គ្រចិត្ត ដោយយើងអាចរៀនសូត្រយកបទពិសោធន៍ការងារ និងពង្រឹងសមត្ថភាពបន្ថែមបានយ៉ាងច្រើន ជាជាងរៀនបានតែមេរៀននៅសាលា តែមិនបានអនុវត្ត។ ជានិស្សិតដែលរៀនជំនាញពីរនៅពេលតែមួយរូបនេះ បានបន្តថា ចំពោះការងារទាំងនេះ គឺអាចអភិវឌ្ឍខ្លួនយើងបានទាំងភាពជាអ្នកដឹកនាំ ការសម្របខ្លួនជាមួយសង្គម និងសមត្ថភាពជាច្រើន ដែលជាបទពិសោធន៍ដ៏ល្អសម្រាប់យើងក្នុងការចាប់យកការងារល្អនៅពេលអនាគត។

មិនខុសគ្នានោះដែរចំពោះការងារដែលយុវជន ឬនិស្សិតក្នុងការបង្កើតការងារ ឬក៏ចាប់ផ្តើមធ្វើការដោយខ្លួនឯង វាអាចនឹងមានភាពពិបាកផងដែរនៅពេលលើកដំបូង ឬគ្មានបទពិសោធន៍សោះ​សម្រាប់ពួកគេ។ ប៉ុន្តែ និស្សិតនៅតែអាចជំនះបាននូវការលំបាកទាំងនេះបាន។ ដូចដែល លោក យន់ សុផាត អគ្គនាយកក្រុមហ៊ុនហ៊ុយ យន់ អេហ្គ្រីខលឈ័រ,ខូអិលធីឌី បានឲ្យដឹងផងដែរថា អ្វីដែលយុវជនគួរធ្វើ ដើម្បីជាភាពងាយស្រួល និងទទួលបានការងារសមរម្យនោះគឺ  សំខាន់យុវជនគួរតែរៀបចំខ្លួន គឺគាត់ត្រូវមានគោលដៅមួយសិន ថាតើគាត់ចង់បានការងារបែបណា? ដូចមើលឃើញបច្ចុប្បន្ន តម្រូវការទីផ្សារនៅស្រុកខ្មែរ គឺជំនាញរបស់យុវជនឬនិស្សិតមានការខ្វះខាតសម្រាប់ទីផ្សារ។ តែបើយើងងាកមកមើលយុវជន ថាអត់ការងារធ្វើទៅវិញ រឿងនេះ យុវជនគួរតែកំណត់គោលដៅរបស់ខ្លួនឯងមួយអោយបានច្បាស់លាស់ នូវប្រភេទការងារអ្វីដែលខ្លួនចង់បាន ហើយឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ។

ដោយៈ ហៀង​ រ័ត្ន