កំណាព្យបង្កប់អត្ថន័យអប់រំមនុស្សកុំឲ្យខ្ជិល

បើដេកទន្ទឹងរង់ចាំតែសំណាងនោះមានន័យថា​អ្នកកំពុងតែដេកចាំខ្យល់ហើយ ហើយមិនយូរសូម្បីតែខ្យល់ ក៏នឹងពិបាកទទួលបានទៀតផង។ តែបើអ្នកខំស្វែងរក និងបង្កើតសំណាងវិញនោះមិនយូរទេច្បាស់ជាទទួលបានសំណាងដូចអ្វីដែលអ្នកចង់បានជាមិនខាន។ នេះបើយោងទៅតាមគំនិតពិចារណារបស់លោក អ៊ួន សារ៉ាត់ ដកស្រង់ចេញពីសៀវភៅមួយក្បាលមានឈ្មោះថា« រស់ដោយប្រាជ្ញា»។

ក្នុងនោះក៏បានលើកឡើងទៀតថា រកយើងដោយយើងមិនបានចំណាយយកកម្លាំងអ្វីសោះនោះទេ ព្រោះសំណាងគឺកើតចេញមកពីការសាង ដូច្នេះ លុះត្រាតែយើងបានកសាង ទើបយើងអាចទទួលបានសំណាងទាំងនោះ។ ដូចមាននៅក្នុងអត្ថន័យរបស់កំណាព្យថា៖

កុំដេកចាំសំណាង           ​     កុំក្អេងក្អាងបុព្វេ

ខំរកកុំទំនេរ                          រេរៀនរិះចេះឲ្យគ្រប់។

នឹងដើរស្វែងរកផល           មិនទាន់ដល់កុំអាលឈប់

ឈានខ្លាំងពេកជំពប់        បើដេកយប់ឲ្យស្គាល់យាម។

កុំដេកយូរប្រមឹក                  លក់ហួសព្រឹកខុសទំនៀម

តែភ្លឺឡើងភ្ញាក់ភ្លាម            ប្រហាមឡើងក្រោកធ្វើការ។

ជាត់មនុស្សទោះប្រុសស្រី    រាស្រ្តមន្ត្រីជាធម្មតា

ពេលព្រឹកតែងឧស្សហ៍         ថ្ងៃក្តៅល្អាខ្ជិលល្អិតឆ្អឹង។

ដោយៈ ហៀង រ័ត្ន

ដកស្រង់ចេញពីសៀវភៅៈ រស់ដោយប្រាជ្ញា (អ៊ួន សារ៉ាត់)