យុវជនលក់លៀសហាលស្រមៃក្លាយជាអ្នកធ្វើការឲ្យអង្គការមួយ និងរៀននៅសាកលវិទ្យាល័យ

0
22
លៀសហាល
កុមារ យឿន ដា កំពុងលក់លៀសហាលក្រោមកម្ដៅថ្ងៃកាលពីថ្ងៃ ០៥ ខែ ធ្នូ ឆ្នាំ ២០១៧។

យុវជន យឿន ដា អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៩នៃវិទ្យាល័យសេរីមង្គលខេត្តកំពង់ចាម លក់លៀសហាលនៅពេលទំនេរពីការសិក្សាដើម្បីរកប្រាក់សម្រាប់រៀនសូត្រផ្ទាល់ខ្លួន និងផ្គត់ផ្គង់គ្រួសារ។

យុវជន យឿន ដា បាននិយាយថា​”ខ្ញុំលក់អស់នៅម៉ោង១រសៀល ហើយអាចរកប្រាក់ចំណេញដើម្បីយកទៅផ្គត់ផ្គង់ការសិក្សាផ្ទាល់ខ្លួន និងគ្រួសារ”។ សព្វថ្ងៃ គ្រួសាររបស់យុវជនរូបនេះ មានសមាជិកចំនួន៦នាក់ ហើយម្ដាយរបស់ខ្លួន និងបងជាអ្នកលក់លៀសហាលរៀងរាល់ថ្ងៃ ហើយ យុវជន ដា គ្រាន់តែឆ្លៀតពេលទំនេរមកជួយលក់គ្រួសារតែប៉ុណ្ណោះ។

“ខ្ញុំចង់ធ្វើការនៅអង្គការមួយក្នុងថ្ងៃអនាគត និងចង់បន្តការសិក្សានៅសាកលវិទ្យាល័យដូចគេដែរ។ ខ្ញុំមិនហានស្រមៃទៅរៀននៅបរទេសនោះទេ ដោយសារគ្រួសារមានភាពក្រីក្រ” នេះបើតាមសម្ដីរបស់យុវជន យឿន ដា។

គួរបញ្ជាក់ផងដែរថា ក្នុងមួយថ្ងៃ យុវជន យឿន ដា លក់លៀសហាលអស់ចំនួន៣ធុង ដោយអាចរកប្រាក់ចំណេញបានប្រមាណ ៤ ទៅ ៥ មឿនរៀល៕

ដោយ៖ សែម វណ្ណា