ជីវិតនិស្សិតក្រោយបញ្ចប់មហាវិទ្យាល័យ

0
16

នៅក្នុងជីវិតជានិស្សិតនៅមហាវិទ្យាល័យ តែងនឹងទទួលបាននូវចំណេះដឹងជាច្រើនពីការសិក្សាទៅលើជំនាញរបស់ខ្លួន។ នៅកំឡុងពេលសិក្សាថ្នាក់សាកលវិទ្យាវិទ្យាល័យ គឺជាពេលដែលនិស្សិតក្រេបជញ្ជក់យកចំណេះដឹង និងចំណេះធ្វើ។ និស្សិតជា ធនធានមួយដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ ដោយពួកគេជាបុគ្គលដែលកំពុងទទួលបានការរៀនសូត្រខ្ពស់នៅថ្នាក់ឧត្តមសិក្សាដើម្បីចាប់យកជំនាញមួយយ៉ាងច្បាស់លាស់ក្នុងការបម្រើដល់សង្គមជាតិឱ្យមានការរីកចម្រើន។ យើងមើលឃើញថា និស្សិតមិនតិចនោះទេ ដែលមានគោលបំណងខ្ពស់សម្រាប់អនាគតរបស់ពួកគេ ព្រោះអំឡុងពេលសិក្សានៅមហាវិទ្យាវិទ្យាល័យ តែងមានក្តីសុបិន្តផ្ទាល់ខ្លួនក្រោយពេលបញ្ចប់មហាវិទ្យាល័យ។

ក្តីរំពឹងទុករបស់និស្សិតគ្រប់រូបនៅពេលបញ្ចប់មហាវិទ្យាល័យមិនខុសគ្នានោះទេ គឺចង់បានការងារធ្វើល្អសមរម្យ ឬក៏រៀនបន្តជាដើម។ ជាក់ស្តែង ការសិក្សានៅមហាវិទ្យាល័យ រមែងទាមទារពីនិស្សិតនូវការពឹងផ្អែកដោយខ្លួនឯងជាងគ្រូបង្រៀនក្នុងថ្នាក់។ វាជារឿងពិបាកច្រើនសម្រាប់និស្សិតក្នុងកំឡុងពេលសិក្សាថ្នាក់ឧត្តមសិក្សា។ យ៉ាងណា ជីវិតនិស្សិតក៏មានការផ្លាស់ប្តូរពីមួយកម្រិតទៅមួយកម្រិត។

ជាវេលាមួយដែលតែងតែទន្ទឹងរងចាំបន្ទាប់ពីខិតខំប្រឹងប្រែងអស់រយៈពេលបួនឆ្នាំ ក៏សម្រេចដូចបំណង។ កញ្ញា រឿន សុធារី ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានសម្តែងនូវអារម្មណ៍សប្បាយចិត្តនៅពេលដែលខ្លួនបានបញ្ចប់មហាវិទ្យាល័យដូចក្តិរំពឹងរបស់ខ្លួន។យ៉ាងណា ជាអតីតនិស្សិតផ្នែកសង្គមវិទ្យារូបនេះ ក៏មានការបារម្ភផងដែរ ចំពោះជីវិតក្រោយពេលបញ្ចប់មហាវិទ្យាល័យ។

កញ្ញា ថា​វាមានភាពខុសប្លែកពីគ្នា នៅពេលដែលខ្លួនកំពុងរៀននៅមហាវិទ្យានិងក្រោយពេលបញ្ចប់មហាវិទ្យាល័យ ការងារអ្វីក៏ខ្លួនធ្វើដែរ តែដល់ពេលរៀនចប់ គឺខ្លួនចង់បានការងារណាដែលត្រូវទៅនឹងជំនាញរបស់ខ្លួនតែម្តង។ ហើយម្យ៉ាងវិញជីវិតជានិស្សតតែងពឹងផ្អែកពីគ្រួសារច្រើនចំពោះការផ្គត់ផ្គង់ទាំងថវិកាជាដើម ដល់ពេលខ្លួនរៀនចប់គឺត្រូវាមានការងារធ្វើ មានប្រាក់ខែផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារវិញម្តង។

ក្រោយពីបញ្ចប់មហាវិទ្យាល័យ កញ្ញា ទទួលបានជំនាញ ចំណេះដឹង និងចំណេះធ្វើពីសាលា ដើម្បីអនុវត្តក្នុងការងាររបស់ខ្លួន។ បន្ថែមជាងនោះទៅទៀត គឺកញ្ញា ទទួលបាននូវការរៀនសូត្រពីសង្គមជុំវិញបានជាច្រើន។

នៅពេលនិស្សិតសិក្សានៅមហាវិទ្យាល័យ ពួកគេតែងតែមានទស្សនៈរៀងៗខ្លួន ចំពោះការយល់ឃើញទៅលើការសិក្សាជំនាញរបស់ខ្លួន។ ជាការឆ្លើយតប លោក ឈួរ ធាងស្រេង មកពីខេត្តសៀមរាប និងជាអតីតនិស្សិតចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ បាន​ឱ្យដឹងថា ចំពោះការសិក្សានៅមហាវិទ្យាល័យគឺអាស្រ័យលើទស្សនៈរបស់ពួកគេម្នាក់ៗក្នុងការកំណត់គោលដៅជីវិត ក្រោយពេលបញ្ចប់មហាវិទ្យាល័យដូចការរំពឹងទុក។

បច្ចុប្បន្ន លោក ឈួរ ធាងស្រេង ជាអ្នកប្រឹក្សាយោបល់ នៅក្នុងស្ថាប័នមួយនៅកម្ពុជា។ ក្រោយពេលបញ្ចប់មហាវិទ្យាល័យ ទាំងទទួលបានការងារនេះផងដែរ លោកនៅតែមានគោលដៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតតាមការរំពឹងទុករបស់ខ្លួន។

មាននិស្សិតដែលបញ្ចប់មហាវិទ្យាល័យជាច្រើនតែងសង្ឃឹមនឹងសិក្សបន្ត ឬក៏ទទួលបានតួនាទីល្អនៅក្នុងស្ថាប័នការងារមួយសម្រាប់ខ្លួន។ ខុសពីយុវជនដ៏ទៃ លោក ហៀង គង់ មកពីខេត្តកំពង់ស្ពឺ  លោកជាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ ហើយលោកធ្លាប់បានបម្រើការងារឱ្យក្រុមហ៊ុនមួយអស់រយៈពេលមួយឆ្នាំ តែក្រោយមក លោកក៏បានឈប់ពីការងារក្រុមហ៊ុនមកបង្កើតអាជីវកម្មដោយខ្លួនឯង។

ជាសហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅនៃភោជនីយ៍ដ្ឋានមួយថា គឺបង្កើតអាជីវកម្មខ្លួនឯងដោយ ឪកាសទី១ គឺជាឪកាសដែលយើងបញ្ចេញសមត្ថភាពបង្កើតអាជីវកម្មនូវសក្កតានុពលដែលមាននៅក្នុងខ្លួន ទី២ គឺការបង្កើតឪកាសដល់ខ្លួនឯងសម្រាប់ហិរត្ថុ ដែលអាចទទួលបានពីអាជីវកម្មរបស់យើងផ្ទាល់ ហើយ ឪកាសចុងក្រោយ ជាឪកាសសម្រាប់អ្នកដ៏ទៃ ដែលពួកគេទទួលបានឪកាសការងារ និងចំណូលពីអាជីវកម្មនេះ។ជាហេតុផលដែលខ្លួនសុខចិត្តមិនធ្វើការឱ្យគេ មកបង្កើតអាជីវកម្មដោយខ្លួនឯង បើទោះបីជាបានបញ្ចប់ជំនាញមហាវិទ្យាល័យក៏ដោយ។

ក្តីរំពឹងទុករបស់និស្សិតក្រោយសបញ្ចប់មហាវិទ្យាល័យ អាស្រ័យលើការកំណត់ពីសមត្ថភាពនៃការវិវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្នុងកំឡុងពេលសិក្សា និងក្រោយពេលពេលបញ្ចប់មហាវិទ្យាល័យ។

ដោយ៖ ហៀង រ័ត្ន