ការផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជនចម្រុះជនជាតិដើម្បីសន្តិភាពសង្គម

0
2

នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ការរស់នៅរបស់ជាតិសាសន៍នីមួយៗ រមែងតែងចង់បាននូវសេចក្តីក្នុងជីវិតរបស់ពួកគេ។ ជារឿងមួយពិបាក នៅពេលដែលជាតិសាសន៍ទាំងអស់រើសអើងទៅលើវប្បធម៍របស់ពួកគេ ដែលជាហេតុមិនអាចផ្លាស់ប្តូរបានឡើយនៅក្នុងសង្គម។ យ៉ាងណាមិញ ការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានរបស់មនុស្សគឺអាស្រ័យលើការគិត ការសិក្សាស្វែងយល់ពីវប្បធម៍របស់ជនជាតិនានាឱ្យបានច្បាស់។ ហេតុដូច្នេះហើយ យើងក៏បានមើលឃើញយុវជនជាច្រើនដែលមានជាតិសាសន៍ផ្សេងគ្នា និងគោរពវប្បធម៍ផ្សេងគ្នា តែងតែបង្កើតនូវសន្តិភាពជាមួយគ្នាដោយស្នាមញញឹម ផ្លាស់ប្តូរផ្នត់គំនិតចំពោះគ្នា នៅពេលដែលបានសិក្សាស្វែងយល់ពីការរស់នៅ ការគោរព សាសនា ប្រពៃណីទំនាមទំលាប់របស់ពួកគេ។

យ៉ាងណា ជាប្រធានគម្រោងការចូលរួមរបស់យុវជនក្នុងការងារសង្គមក្នុងការកសាងសន្តិភាព និងការផ្សះផ្សារ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។ លោក ឈាង រិទ្ធី បានបង្ហាញប្រាប់ពីគោលបំណងនេះថា « នៅក្នុងដំណើរការកសាងសន្តិភាពនេះ រៀបចំឡើង ដើម្បីឲ្យយុវជនដែលរស់នៅជាមួយគ្នានៅកម្ពុជា មានជាតិសាសន៍ និងសាសនាផ្សេងគ្នា មកសិក្សាអំពីសន្តិភាព។ ដោយនាំឲ្យយុវជនសិក្សាស្វែង​យល់ពីមូលហេតុនៃទំនាស់ជនជាតិ ផលប៉ះពាល់ ហើយបន្ទាប់មកថា​ពួកគេអាចចូលរួមធ្វើអ្វីបានក្នុងការកសាងសន្តិភាពរវាងជនជាតិនីមួយៗនៅប្រទេសកម្ពុជានេះ។ លោកថា ដោយមើលឃើញមានការរើសអើងគ្នារវាងជនជាតិមួយទៅជនជាតិមួយ។

លោក ចាន់ សារឿន ជាជនជាតិដើមភាគតិចជ្រិង លោកថាគ្រប់ជាតិសាស្រ្តទាំងអស់ គឺសុទ្ធតែជាមនុស្សដូចគ្នា គ្រាន់តែពួកគេខុសគ្នាត្រង់ជនជាតិ សាសនា ប្រពៃណីវប្បធម៍តែប៉ុណ្ណោះ។ យុវជនមកពីខេត្តរតនគិរីរូបនេះ បន្តថានៅពេលដែលខ្លួនបានចូលរួមសិក្សារៀនសូត្រ និងបានធ្វើការងារជាក្រុមជាមួយយុវជនចម្រុះជាតិសាសន៍​កន្លងមក ធ្វើឱ្យរូបលោក ក៏បានយល់ពីជនជាតិផ្សេងៗគ្នា។

ជានិស្សិតឆ្នាំទី១ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ចំពោះការទំនាក់ទំនងវិញ លោក ចាន់សារឿន  យល់ថា ធម្មតាយើងជាយុវជនចង់ស្វែងយល់ពីគ្នា បង្កើតទំនាក់ទំនងល្អ និងរាប់អានគ្នាដោយសា្នមញញឹមទោះជាជនជាតិណាក៏ដោយ។

ក្នុងនា​មលោកជាយុវជន ហើយក៏ជាជនជាតិដើមភាគតិចជ្រិងមួយរូប ចង់ឱ្យយុវជនចម្រុះជនជាតិទាំងអស់មានការទំនាក់ទំនងគ្នាឱ្យបានល្អ មានការស្គាល់ពីគ្នា និងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅពីគ្នា ដោយមិនមានការប្រកាន់រើសអើងពូជសាសន៍ណាឡើយ។

ជារឿងមួយខុសប្លែកនូវអ្វីដែលខ្លួនមិនដែលបានជួបពីមុនមកនោះទេ។ លោក មាឃ ចាន់ ថាជាលើកដំបូងដែលលោកបានជួបជាមួយជនជាតិដ៏ទៃដូចជាជនជាតិដើមភាគតិចជ្រិង និងខ្មែរឥស្លាមដោយរៀនសូត្រ និងធ្វើការងារជាច្រើនជាមួយគ្នា។ មិនតែប៉ុណ្ណោះ ជា អតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីអង្គការដើម្បីភាពញញឹមនៃកុមាររូបនេះ ក៏ទទួលបានការសិក្សារៀនសូត្រអំពីវប្បធម៍ជាតិសាសន៍ពីគ្នាទៅវិញមក។

រូបខ្លួនជាអ្នកគោរពទៅលើសាសនាព្រះពុទ្ធ ដោយបានស្វែងយល់ពីសាសនាផ្សេងៗ ក្រៅពីសាសនារបស់ខ្លួន បានធ្វើឱ្យលោក មាឃ ចាន់ ផ្លាស់ប្តូរផ្នត់គំនិតមិនល្អចំពោះជាតិសាសន៍ដ៏ទៃ បើទោះបីជាពួកគេជាជនជាតិណាក៏ដោយ ប៉ុន្តែយើងក្នុងចង្កោមមនុស្សដូចគ្នា ដុច្នេះចំពោះការប្រាស្រ័យទំនាក់ទំនងជាមួយគ្នាគឺជាលទ្ធផលមួយល្អបំផុត ហើយជារឿងចាំបាច់ដែលយើងគួរតែធ្វើ។

លោកបន្ថែមថា យើងគួរតែយកអ្វីដែលយើងបានសិក្សារៀនសូត្រយកទៅអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃ និងព្យាយាមបន្សាបនូវផ្នតត់គំនិតមិនល្អដែលគិតមិនល្អពីជាតិសាសន៍ដ៏ទៃ។

 មិនខុសគ្នានោះដែរ កញ្ញា វ៉ា រី ជាជនជាតិចាម កាន់សាសនាឥស្លាមក៏បានចូលរួមសិក្សារៀនសូត្រជាមួយយុវជនជាតិសាសន៍ដ៏ទៃផងដែរ។ កញ្ញាថា វាសកម្មភាពមួយដែលធ្វើឱ្យកញ្ញាមានការយល់ដឹងពីជនជាតិផ្សេងពីខ្លួនបានច្រើន ទាំងការរស់នៅ និងការចុះសម្រុងជាមួយគ្នា។

ជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ ថាខ្លួនតែងតែគិតថាយុវជនជនជាតិខុសពីកញ្ញា រើសអើងគ្នា តែនៅពេលដែលបានរៀន និងធ្វើការងារជាក្រុមជាមួយគ្នា ទើបធ្វើឱ្យខ្លួនផ្លាស់ប្តូរផ្នត់គំនិតវិញ។

យុវជនចម្រុះជនជាតិអាចស្គាល់ពីគ្នាយ៉ាងច្បាស់ និងផ្លាស់ប្តូរផ្នត់គំនិតទៅលើជាតិសាសន៍ណាមួយ  មិនប្រកាន់រើសអើងពូជសាសន៍ណាឡើយ ឱ្យយុវជនរៀនសូត្រ មានការគិតស៊ីជម្រៅ និង ចេះដោះស្រាយទំនាស់ ដើម្បីកសាងសន្តិភាពក្នុងសង្គម។

ដោយ៖ ខ្លាំងៗ