បិតស្រា ១៥ ឆ្នាំ ដើម្បីផ្គត់ផ្គង់គ្រួសារ និងកូនរៀននៅមហាវិទ្យាល័យ

0
2
អ្នកស្រីភេម កំពុងអង្គុយដុតភ្លើងដាំបាយស្រាកាលពីថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៧។ រូបថតៈ សែម វណ្ណា

(កំពង់ស្ពឺ)៖ ដៃកំពុងកាន់ឈើវែងមួយកូរវិចៗ និង​សាយភាយក្លិនមកខាងក្រៅ បើយើងឈានជើងចូលទៅខាងក្នុងបន្តិច យើងឃើញស្រ្តីម្នាក់កំពុងតែកូបាយស្រាដែលកំពុងដាំនៅលើចង្ក្រានឡមួយដែលមានអណ្ដាតភ្លើងឆេះសន្ធោចេញមកក្រៅ។ ក្លិនស្រាសបានសាយភាយមកខាងក្រៅរោងផលិតស្រា អមជាមួយសម្លេងសត្វជ្រូក និងកូនមាន់យំ ជីបៗ ដែលគាត់ចិញ្ចឹមនៅទីនោះ។ ស្ដាប់សម្លេងជ្រូកយំអ៊ួកៗ បណ្ដើរ កូរបាយស្រាបណ្ដើរធ្វើឲ្យស្រ្តីវ័យជិតពាក់កណ្ដាលរូបនេះមិនមានភាពធុញទ្រាន់នោះទេ។

អ្នកស្រី ភេម ជាស្រ្តីដែលរកស៊ីបិតស្រាអស់រយៈពេលប្រមាណជាង​ ១៥ឆ្នាំមកហើយ។ របរបិតស្រាមួយនេះ អាចធ្វើឲ្យអ្នកស្រីដោះស្រាយការចំណាយប្រចាំថ្ងៃបានយ៉ាងរលូន បើទោះបីជារបរមួយនេះ​ មិនអាចរកលុយបានជាដុំកំភួនអ្វីក៍ដោយ។ មកទល់ហ្នឹងសព្វថ្ងៃ អ្នកស្រីនៅតែបន្តបិតស្រាជាប្រចាំថ្ងៃតែម្ដង ព្រោះថា របរនេះជាជំនាញមួយដែលអ្នកស្រី និងស្វាមីរបស់អ្នកស្រីចេះស្ទាត់ ហើយវាមិនសូវជាពិបាកអ្វីនោះទេ។

ជាការពិតណាស់ របរបិតស្រាមិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះតែមិនសូវមានអ្នកទិញស្រាសនេះ ដូចជាស្រាបៀរនោះឡើយ។ តែបើយើងក្រឡេកទៅមើលពីមុន គេឃើញមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ចាស់ៗ ដែលនិយមពិសារស្រានាពេលនោះ។ តែនេះមិនមែនជាបញ្ហាសម្រាប់អ្នកស្រី និងប្ដីរបស់អ្នកស្រីនោះឡើយ ព្រោះវាជាឪកាសសម្រាប់ការរកស៊ី ខណៈរបរតូចនេះអាចរកចំណូលបានយ៉ាងសមរម្យជាប្រចាំថ្ងៃ។

“ ខ្ញុំបានបិតស្រាសនេះអស់​រយៈពេលប្រមាណជាង១៥ឆ្នាំហើយ ម្យ៉ាងទៀតការងារនេះមិនលំបាកអ្វីសោះឡើយសម្រាប់ខ្ញុំ” នេះបើតាមសម្ដីរបស់អ្នកស្រី។ អ្នកស្រី បន្តទៀតថា ការងារនេះ មិនសូវបានចំណេញច្រើននោះទេ តែយើងជាស្រីគួរតែធ្វើវា ប្រសើរជាងនៅទំនេរ ហើយវាអាចដោះទាល់បានជាប្រចាំថ្ងៃថែមទៀតផង ។

ដើម្បីបិតឲ្យចេញជាស្រាសបាន គេត្រូវយកអង្ករទៅត្រាំទុក (ត្រាំបាយស្រា) រយៈពេល១សប្ដាហ៍​ បន្ទាប់មកគេយកបាយស្រានោះមកដាំរយៈពេលយូរដើម្បីឲ្យបាយនោះសាយភាយជាស្រាទៅក្នុងអាងបង្ហូរស្រា។

ស្រាស១លីត្រមានតម្លៃត្រឹមតែ ២ ០០០ រៀលតែប៉ុណ្ណោះ ប៉ុន្តែអ្នកស្រីលក់ចេញក្នុងតម្លៃ១ លីត្រ ត្រឹមតែ១ ៥០០រៀលនោះទេ។ ជារៀងរាល់ថ្ងៃប្ដីរបស់អ្នកស្រីត្រូវដឹកស្រាដាក់តាមទាមលក់គ្រឿងទេស ឬកន្លែងទាមស្រានានា ទៅតាមតម្រូវការរបស់អតិថិជន។ អ្នកស្រីអាចផលិតបានស្រាប្រមាណ  ១៥០ លីត្រ ក្នុង១ថ្ងៃ។

ក្រៅពីការលក់ស្រាទៅកាន់អតិថិជន អ្នកស្រីបានចំណេញបាយស្រាដើម្បីយកមកឲ្យជ្រូកដែលអ្នកស្រី និងប្ដី ចិញ្ចឹមបានទៀត​​​ផង។​ នេះពិតជាចំណេញខ្លាំងណាស់ ព្រោះអ្នកស្រី មិនត្រឹមតែផលិតស្រានោះទេ តែអ្នកស្រីចិញ្ចឹមជ្រូកជាច្រើនក្បាលថែមទៀត។ ជាការពិតណាស់ វាហាក់បីដូចជាលំបាកខ្លាំងណាស់ ព្រោះការងារនេះ អ្នកស្រីមិនអាចចេញទៅខាងក្រៅឆ្ងាយបាននោះឡើយ​។

“ខ្ញុំនៅបិតស្រា ហើយឲ្យចំណីជ្រូកជាប្រចាំថ្ងៃ ចំណែកប្ដីរបស់ខ្ញុំ គាត់ជាអ្នកដឹកស្រាឲ្យអតិថិជន និងមើលការខុសត្រូវលើជ្រូកទាំងអស់” នេះបើតាមសម្ដីរបស់អ្នកស្រី ភេម។ អ្នកស្រី បន្តទៀតថា “របរទាំងអស់នេះ អាចជួយឲ្យខ្ញុំចិញ្ចឹមកូនៗ របស់ខ្ញុំបានយ៉ាងងាយស្រួល ហើយខ្ញុំមានកូនប្រុសរៀននៅសាកលវិទ្យាល័យនៅភ្នំពេញថែមទៀត”។

បើទោះជាលំបាកយ៉ាងណាក្ដី អ្នកស្រី និងប្ដី មិនដែលត្អូញត្អែថា លំបាកនោះទេ ផ្ទុយទៅវិញ អ្នកស្រីសប្បាយចិត្តជាខ្លាំង ដោយសារតែរបរទាំងនេះ ជួយឲ្យគ្រួសាររបស់អ្នកស្រី អាចផ្គត់ផ្គង់ថ្លៃសាលា និងឲ្យកូនបន្តការសិក្សានៅឯសាកលវិទ្យាល័យបានហ្នឹងគេ។ គ្រួសារដែលមានកូន៣ នាក់ក្នុងបន្ទុក និងមានផ្ទះធំទូលាយមួយនេះ អាចរស់នៅបានយ៉ាងយ៉ាងសប្បាយរីករាយ បើទោះបីជាពេលនេះរបរចិញ្ចឹមជ្រូកកំពុងជួបនូវបញ្ហាធ្លាក់ថ្លៃអស់រយៈពេលជិត១ឆ្នាំក៍ដោយ។

“សាច់ជ្រូកនៅលើទីផ្សារមានតម្លៃ ១៥​ ០០០រៀល ក្នុង១គីឡូ តែតម្លៃជ្រូកលក់ចេញត្រឹមតែ ៦​ ៥០០រៀលនោះទេ” នេះបើតាមសម្ដីរបស់អ្នកស្រី ភេម និយាយទាំងទឹកមុខក្រៀមក្រំបន្តិច។

បើទោះបីជា តម្លៃនៅលើទីផ្សារមានការធ្លាក់ចុះជាទម្ងន់ក្ដី អ្នកស្រី និងប្ដី នៅតែបន្តចិញ្ចឹម ព្រោះអ្នកស្រី មានមេជ្រូកចំនួន ៤ក្បាល ដើម្បីយកកូនចិញ្ចឹម។ ប៉ុន្តែអ្នកស្រី នៅតែទិញកូនជ្រូកមកពីផ្សារ ដើម្បីចិញ្ចឹមបន្ថែម។ មេជ្រូក ១ក្បាល មានសមត្ថភាពបង្កើតកូនបាន ១៥ក្បាល តែរស់បានត្រឹមតែ ៨ ឬ៩ ក្បាលនោះទេ។

“៥ ឬ ៦ខែ ទើបអាចលក់បាន ហើយពេលខ្លះលក់បានថ្លៃ តែពេលខ្លះទៀត លក់មិនបានថ្លៃ” នេះជាសម្ដីរបស់អ្នកស្រី។ អ្នកស្រី បន្តទៀតថា “រយៈពេល៥ ខែ ខ្ញុំអាចរកចំណូលបានគួរសមដែរ តែមិនដឹងច្បាស់នោះទេ ព្រោះខ្ញុំមានបាយស្រាដើម្បីធ្វើជាចំណីបន្ថែម”។

គួរបញ្ជាក់ថា របរបិតស្រា និងចិញ្ចឹមជ្រូកនេះ អាចរកចំណូលបានប្រមាណជាង ១ ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ការចិញ្ចឹមជាលក្ខណៈគ្រួសារខ្នាតមធ្យម។ បាយស្រា អាចធ្វើជាចំណីជ្រូក នេះជាហេតុដែលធ្វើឲ្យអ្នកបិតស្រា ចិញ្ចឹមជ្រូកផង និងបិទស្រាផង៕