រុស្ស៊ីប្រតិកម្មចំពោះអាមេរិកលើការបង្កើនសម្ពាធដោយដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតមកលើប្រទេសរបស់ខ្លួន

0
0

ស្របពេលដែលការគំរាមកំហែងនៃការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើរុស្ស៊ីនឹងចូលជាធរមាន នៅថ្ងៃទី២២ ខែសីហាឆ្នាំ២០១៨នេះ លោកស្រី Sigal Mandelker អនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកថា ក្រុងវ៉ាស៊ីនតោន នឹងដាក់ការឈឺចាប់ ផ្នែកសេដ្ឋកិច្ចកាន់តែច្រើនទៅឱ្យ ប្រទេសរុស្ស៊ីប្រសិនបើខ្លួនធ្វើ មិនផ្លាស់ប្តូរអាកប្បកិរិយាសកលរបស់ខ្លួនឱ្យបានច្បាស់លាស់។ នេះបើយោងតាម ការចុះផ្សាយរបស់ ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ។

ថ្លែងទៅកាន់គណៈកម្មាធិព្រឹទ្ធសភាអាមេរិក ស្តីពីកិច្ចការធនាគារ ទ្រព្យសម្បត្តិ និងនគរូបនីយកម្មលោកស្រី Mandelker បានលើកឡើងថា “ទោះបីសកម្មភាពឃោរឃៅ របស់រុស្ស៊ីនៅតែបន្តក៏ដោយ យើងជឿជាក់ថាការផ្សងព្រេង របស់ខ្លួនពិត ជាត្រូវបានត្រួតពិនិត្យ ដោយចំណេះដឹងថា យើងអាចនាំមកនូវការឈឺចាប់ ខាងសេដ្ឋកិច្ចកាន់តែច្រើនឡើង ៗ តាមរយៈការប្រើប្រាស់ជួរដ៏ មានឥទ្ធិពលរបស់យើង”។

លោកស្រី Mandelker បន្ដថា អាមេរិក នឹងមិនស្ទាក់ស្ទើរក្នុងការធ្វើដូច្នេះទេ ប្រសិនបើការប្រព្រឹត្ដ របស់រុស្ស៊ី មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ។លោកស្រីបានបន្ថែមថា “សារៈសំខាន់នៃសកម្មភាពរបស់យើង និងវិធានការហិរញ្ញវត្ថុ ដទៃទៀតត្រូវបានវាស់វែងជាចុងក្រោយ អំពីផលប៉ះពាល់ជាយុទ្ធសាស្ត្រ របស់ពួកគេ។

ជាការឆ្លើយតប ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនបានប្រតិកម្មចំពោះការដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួនថា «ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គ្មានប្រយោជន៍អ្វីទាំងអស់»។ លោក ពូទីនបន្តថា«ហើយមានតែបង្កជាផលវិបាកតែប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនសន្យាថានឹងបញ្ជូនកញ្ចប់កាដូទណ្ឌកម្ម បន្ថែមឱ្យទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN​ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយ សមភាគីហ្វាំងឡង់ លោក Sauli Niinisto នៅថ្ងៃពុធសប្ដាហ៍នេះ លោក ពូទីន បានលើកឡើងដូច្នេះថា៖«ការដាក់ទណ្ឌកម្ម គឺជាសកម្មភាពប្រឆាំងផលប្រយោជន៍រួម និង គ្មានប្រយោជន៍អ្វីទាំងអស់ ជាពិសេសគឺការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសដូចជារុស្ស៊ី…ហើយខ្ញុំសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោន នឹងយល់ច្បាស់ថាគោលនយោបាយបែបនេះគ្មានអនាគតនោះទេ»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក​ពូទីន ធ្វើឡើងក្រោយមន្ត្រីជាន់ខ្ពស់ក្រសួងរតនាគារជាតិអាមេរិកកាលពីថ្ងៃអង្គារ ទី២១ខែសីហា លោកស្រី Sigal Mandelker បានឱ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មបន្ថែម…បើសិនជារុស្ស៊ីមិនព្រមបោះបង់ចោលនូវ អ្វីដែលលោកស្រីហៅថាសកម្មភាពប្រកបដោយគ្រោះថ្នាក់។

រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មលើបណ្ដាអង្គភាព និងក្រុមហ៊ុនរុស្ស៊ីជាច្រើនឆ្នាំមកហើយ ជុំវិញសំណុំរឿងវិបត្តិតំបន់គ្រីមមៀ ការព្យាយាមលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក ការប្រើប្រាស់អាវុធគីមីនៅលើទឹកដីអង់គ្លេស រួមទាំងការរំលោភលើ ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងកូរ៉េខាងជើងជាដើម៕

ដោយ៖ ខ្លាំងៗ