អស្ចារ្យ! គោព្រៃកម្ពុជា នឹងប្រគួតមិត្តភាពអន្តរជាតិ២ប្រគួត

រូបភាព៖ AKP

គោព្រៃកម្ពុជា នឹងប្រគួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិ ទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា ដើម្បីកម្ដៅសាច់ដុំត្រៀមការប្រគួតពានរង្វាន់ AFF Suzuki Cup ២០១៨ ខាងមុខ។ ជាមួយគ្នានេះផងដែរ គោព្រៃកម្ពុជា នឹងប្រគួតជាមួយក្រុមជម្រើសជាតិ សឹង្ហបុរី ផងដែរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។ ការប្រគួតទាំង២នេះ នឹងត្រូវដឹកនាំដោយគ្រូបង្វឹកជម្រើសជាតិកម្ពុជាថ្មី គឺលោក Kei Suke Honda ។

យ៉ាងណាម៉ិញ សហព័ន្ធបាល់ទាត់កម្ពុជា នឹងដាក់លក់សំបុត្រទាំងពីប្រភេទនៅថ្ងៃទី១០ ខែកញ្ញា ខាងមុខ។ សហព័ន្ធបាល់ ទាត់កម្ពុជាបញ្ជាក់ទៀតថា សំបុត្រចូលទស្សនាមានតម្លៃដូចរាល់ដងដែរ ដោយសំបុត្រមាន តម្លៃ១ម៉ឺនរៀល សម្រាប់កៅអីមានដំបូល និង៥ពាន់រៀលសម្រាប់កន្លែងអង្គុយទីវាល។

វគ្គជម្រុះក្នុងពូលពានរង្វាន់ AFF Suzuki Cup 2018 មាន១០ប្រទេស ក្នុងអាស៊ានចូលរួមប្រកួត ដោយក្នុងពូលA មាន៥ក្រុម រួមមាន៖ វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា និងឡាវ ខណៈពូលB មាន៥ក្រុម រួមមាន៖ ក្រុមថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី និងព្រុយណេ ឬទីម័រខាងកើត ដែលក្រុមជម្រើសជាតិព្រុយណេ និងទីម័រ ខាងកើតត្រូវប្រកួតប្តូរដីគ្នាម្តងម្នាក់ ដើម្បីប្រកួតជម្រុះបឋម ហើយក្រុមណា ដែលឈ្នះ ត្រូវឡើង មកប្រកួតនៅក្នុងពូលBនេះ៕