ខេត្តកោះកុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យសមុទ្រជាលើកទី២នៅឆ្នាំ២០១៨នេះ

0
9

ពិធីបុណ្យសមុទ្រនឹងប្រព្រឹត្តិទៅនៅខេត្តកោះកុង នាថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ សេចក្តីជូនដំណឹងនេះ ធ្វើឡើងក្រោយពេលក្រសួងទេសចរណ៍បើកកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រឆ្នាំ២០១៨ នៅខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងបានចូលរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុងនេះ។ នេះបើយោងតាមការចេញផ្សាយតាមគេហទំព័រហ្វេសប៊ុគរបស់ក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

លោកជំទាវ មិថុនា ភូថង មានប្រសាសន៍ថា  លទ្ធផលការងារនៃការត្រៀមលក្ខណៈសម្បត្តិគ្រប់ផ្នែកគ្រប់ជំនាញទាំងអស់របស់ខេត្ត នឹងទទួលភ្ញៀវជាតិ និងអន្តរជាតិឱ្យបានល្អ។

លើសពីនេះទៅទៀតនោះ ឯកឧត្តម ថោង ខុន ក៏បានបន្ថែមផងដែរថា« ដើម្បីរៀបចំអភិវឌ្ឍផលិតផលទេសចរណ៍ជាមួយសហគមន៍អេកូទេសចរណ៍ក្នុងការពង្រឹងគុណភាពឧស្សហកម្ម កន្លែងស្នាក់នៅ ម្ហូបអាហារ អនាម័យ សណ្តាប់ធ្នាប់ បរិស្ថានស្អាត និងជួយសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋខែ្មរ-ថៃ​ ឱ្យបានល្អថែមទៀត។

ដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិអោយបានល្អ ក្រោយការពិភាក្សាផ្តល់យោបល់ពីអង្គប្រជុំ ឯកឧត្តម ថោង ខុន បានធ្វើការបូកសរុប និងដាក់ចេញនូវអនុសាសន៍ណែនាំសម្រាប់អនុវត្តនៅក្នុងការរៀបចំពិធីបុណ្យសមុទ្រដូចខាងក្រោម៖
១-រៀបចំអភិវឌ្ឍផលិតផលទេសចរណ៍ និងរៀបចំកញ្ចប់ទស្សនកិច្ចនៅខេត្ត ដោយភ្ជាប់គោលដៅទេសចរណ៍ ជាមួយសហគមន៍អេកូទេសចរណ៍ពិសេសត្រូវរៀបចំអោយមានឆ្នេរខ្សាច់មួយដើម្បីជាផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្ត។
២-ពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូន និងរមណីយដ្ឋានទេសចរណ៍។ សំខាន់ត្រូវជម្រុញចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។
៣-ការរៀបចំកែលំអរ និងលើកកម្ពស់សោភណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀបរយចរាចរណ៍ អនាម័យ បរិស្ថានស្អាត និងការតុបតែងលំអរនៅទីក្រុង និងតាមទីប្រជុំជននានា ពិសេសការបំផុសចលនអោយប្រជាពលរដ្ឋចូលរួម និងរៀបចំទទួលទេសចរ។
៤-ការត្រៀមសម្រួលដល់ការធ្វើដំណើរ និងការស្នាក់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងថៃនៅខាងទឹកដីថៃ និងទឹកដីកម្ពុជា តាមរយៈការបង្កើនទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងកម្ពុជា-ថៃ។
៥-ការត្រៀមរៀបចំកម្មវិធី និងព្រឹត្តិការណ៍នានាក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យសមុទ្រមានដូចជា ការសំដែងសិល្បៈវប្បធម៌ ការហែក្បួនព្យុហយាត្រា ការប្រកួតកីឡាលើទឹកលើគោក លើអាកាស ការតាំងពិព័ណ៍ផលិតផល និងម្ហូបអាហារ ការដាំដើមឈើ ។ល។
៦-រៀបចំបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីសម្របសម្រួល និងដំណើរការរៀបចំពិធីបុណ្យសមុទ្រ និងសហការជាមួយក្រុមការងារថ្នាក់ខេត្ត។

សូមបញ្ជាក់ថា ការរៀបចំពិធីបុណ្យសមុទ្រនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៧ ហើយក៏ជាលើកទី២ ដែលខេត្តកោះកុងជាម្ចាស់ផ្ទះនៃកម្មវិធីនេះ បន្ទាប់ពីលើកទី១ កាលពីឆ្នាំ២០១៤ ប្រព្រឹត្តិដោយជោគជ័យ។

ដោយ៖ ខ្លាំងៗ