អាហារូបករណ៍៣០០០កន្លែង កំពុងរងចាំសិស្សបាក់ឌុប២០១៨ នៅសាកលវិទ្យាល័យកម្ពុជា

0
10

នៅក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ សាកលវិទ្យាល័យកម្ពុជា (UC) សម្រេចប្រកាសផ្តល់អាហារូបករណ៍ចំនួន៣០៥០កន្លែង សម្រាប់និស្សិតដែលខ្វះលទ្ធភាព ក្នុងការចំណាយលើការសិក្សា ដើម្បីបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សា នៅក្នុងសាកលវិទ្យាល័យរបស់ខ្លួន។ នេះបើតាមលើកឡើងរបស់បណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជា ទទួលបន្ទុកធនធានមនុស្ស។

 

ថ្លែងនៅក្នុងសន្និសីទសារព័ត៍មាន កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ក្នុងសាកលវិទ្យាល័យកម្ពុជា បណ្ឌិត អ៊ី រតនា ថា ដោយសង្កេតឃើញ មានសិស្ស និស្សិតជាច្រើនដែលខ្វះខាត និងមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចំណាយចំពោះការសិក្សានៅគ្រឹះស្ថានអប់រំឧត្តមសិក្សាល្អៗ ក្នុងប្រទេសដោយសារតែថ្លៃសិក្សាខ្ពស់ និងការចំណាយប្រចាំថ្ងៃ ដូច្នេះពួកគេចង់បានអាហារូបករណ៍ ដើម្បីជួយសម្រាលបន្ទុកនៃការចំណាយរបស់គ្រួសារពួកគេ និងអាចឱ្យពួកគេផ្ចិតផ្ចង់ ខិតខំរៀនសូត្រឱ្យពូកែ និងក្លាយជាធនធានមនុស្សដ៏ពូកែរបស់កម្ពុជា។

 

លោក ក៏បានបញ្ជាក់ផងដែរថា អាហារូបករណ៍ត្រូវបានបែងចែកជាពីរផ្នែករួមមាន៖ ទី១៖ អាហារូបករណ៍ពេញថ្លៃសិក្សា១០០ភាគរយ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែង  អាហារូបករណ៍ពេញថ្លៃសិក្សា១០០ភាគរយ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣៥កន្លែង និងថ្នាក់បណ្ឌិតចំនួន១៥កន្លែង។ ចំណែកអាហាររូបករណ៍ទី២៖ អាហារូបករណ៍ពាក់កណ្តាលថ្លៃសិក្សា៥០ភាគរយ ដែលមានចំនួន២០០០កន្លែង ក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន១៥០០កន្លែង, ថ្នាក់អនុបណ្ឌិតចំនួន៣០០កន្លែង និងសម្រាប់ថ្នាក់បណ្ឌិតចំនួន២០០កន្លែង។

បណ្ឌិត អ៊ី រតនា បន្ថែមថា៖ «ដូច្នេះ ក្នុងយុទ្ធសាស្ត្រជ្រើសរើសយុវជនវ័យឆ្នើមមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងការអបអរសាទរខួបលើកទី១៥ឆ្នាំ សាកលវិទ្យាល័យកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ចំនួនសរុប៣០៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩»។

គួរបញ្ជាក់ផងដែរថា អាហារូបករណ៍ ៣០៥០កន្លែងពីសាកលវិទ្យាល័យកម្ពុជា ដើម្បីលើកស្ទួយវិស័យអប់រំ ចូលរួមជំរុញការបណ្តុះបណ្តាលធនធានមនុស្ស និងសម្រួលជីវភាពប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យកម្ពុជា ផ្តល់ជូនអាហារូបករណ៍ ៣០៥០កន្លែង សម្រាប់វគ្គសិក្សាថ្មីទី១ ដែលចូលរៀននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ។ សាកលវិទ្យាល័យកម្ពុជា លើកទឹកចិត្តដល់សាធារណៈជន ជាពិសេសប្អូនៗសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកទទួលពាក្យប្រឡងអាហារូករណ៍ចាប់ពីពេលទទួលព័ត៌មាននេះតទៅ៕

ដោយ៖ ខ្លាំងៗ