កូរ៉េខាងជើងរងការវាយប្រហារពីក្រោយខ្នង ដោយអាមេរិក​ តាមរយៈ​សមយុទ្ធទ័ពអាកាស​នៅជប៉ុន

តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ នេះថា សារព័ត៌មានរបស់រដ្ឋ​កូរ៉េខាងជើងដែលមានឈ្មោះ Rodong Sinmun បានចេញផ្សាយព័ត៍មានដោយចោទ​ប្រកាន់​​  សហរដ្ឋអាមេរិកថា បានលួចចាក់​ទីក្រុងព្យុងយ៉ាង​ពីក្រោយខ្នង និងកំពុងដឹកនាំ​សកម្មភាពឧក្រិដ្ឋ​នានា​ប្រឆាំងនឹងរបបដឹកនាំ​លោក គីម ជុងអ៊ុន បន្ទាប់ពីទីក្រុង​វ៉ាស៊ីនតោន លុបចោលភ្លាមៗនូវគម្រោងបំពេញដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ មកកាន់ទីក្រុងព្យុងយ៉ាង។

សារព័ត៍មាន Rodong Sinmun ក៏បាន​អះអាងនៅក្នុងបទអត្ថាធិប្បាយ​របស់ខ្លួន​ ចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា កងកម្លាំងពិសេស​អាមេរិកមួយក្រុម ដែល​កំពុងឈរជើងនៅ​ក្នុងប្រទេសជប៉ុន បាននិងកំពុង​ធ្វើសមយុទ្ធយោធា​ផ្លូវអាកាស​ ក្នុងគោលបំណង​ឈ្លានពាន​កូរ៉េខាងជើង។ សារព័ត៍មានកូរ៉េខាងជើងមួយនេះក៏បានគូស​បញ្ជាក់ផងដែរថា «សកម្មភាព​ទាំងអស់នេះបានបង្ហាញថា សហរដ្ឋអាមេរិក​កំពុងដឹកនាំ​សកម្មភាព​ឧក្រិដ្ឋ ក្នុងគោលបំណង​បង្កសង្រ្គាមជាមួយ​កូរ៉េខាងជើង និងកំពុងប្រព្រឹត្តបទ​ឧក្រិដ្ឋមួយ ដែលសាកសម​នឹងទទួលបានការ​ឆ្នើយតបវិញ ​ដោយគ្មានត្រាប្រណី»

ជាការឆ្លើយតបទៅនឹងព័ត៍មានខាងលើ អ្នកនាំពាក្យស្ថានទូត​អាមេរិកប្រចាំទីក្រុង​សេអ៊ូលបាននិយាយថា «លោកមិនបានដឹងអំពី​ព័ត៌មានសមយុទ្ធ​នេះទេ រីឯអ្នក នាំពាក្យ​យោធាអាមេរិកប្រចាំ​ប្រទេសកូរ៉េខាងត្បូង ក៏មិនទាន់បញ្ចេញ​ប្រតិកម្មអ្វីដែរ»។

គូសបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោកម៉ៃរ៍ ប៉ុមប៉េអូ ត្រូវបាន​គេរាយការណ៍ថា នឹងបំពេញទស្សនកិច្ច​ទៅកាន់ទីក្រុង​ព្យុងយ៉ាង​ នៅក្នុងសប្ដាហ៍​នេះ ប៉ុន្តែ​ក្រោយមកស្រាប់​តែលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យ​លុបចោលដំណើរទស្សនកិច្ចនេះ​ទៅវិញ ដោយបន្ទោស​ចិនថា មិនបានជួយ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បីដាក់សម្ពាធលើ​កូរ៉េខាងជើង​នោះទេ ដោយសារតែជម្លោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន៕

ដោយ៖ ខ្លាំងៗ