ក្រសួងការពារជាតិ​រុស្ស៊ី ទើបតែទទួលបាន​ប្រព័ន្ធមីស៊ីលការពារ​ដែនអាកាស​ដ៏ទំនើប S-400 ទ្រីមភ៍មុនពេលកំណត់

0
1

យោងតាម​ការ​ផ្សាយចេញរបស់​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨នេះថា ក្រសួងការពារជាតិ​រុស្ស៊ី ទទួលបាន​ប្រព័ន្ធមីស៊ីលការពារ​ដែនអាកាស​ដ៏ទំនើប S-400 ទ្រីមភ៍ (Triupmh) មួយកងពលថ្មី​បន្ថែម​ទៀត​នៅមុនពេល​កំណត់ ពីសំណាក់ក្រុមហ៊ុន​ផលិតសព្វាវុធ អាល់ម៉ាស អាន់ថេយ (Almaz-Antey) របស់ប្រទេស​រុស្ស៊ីផ្ទាល់តែម្តង។

ពីធីប្រគល់​សព្វាវុធខាងលើនេះ ត្រូវបានធ្វើឡើងនៅ​មូលដ្ឋាន​ហ្វឹកហាត់ កាភុតទីនយ៉ា (Kaputstin Yar) ក្នុងតំបន់ អាស្ត្រាខាន់ (Astrakhan) ភាគខាងត្បូង​ប្រទេសរុស្ស៊ី​​។ ​ប្រព័ន្ធមីស៊ីល S-400 ដែលជាស្នាដៃរចនា និងផលិត​របស់​ក្រុមហ៊ុន Almaz-Antey ត្រូវគេចាត់ទុកថា ជាប្រភេទប្រព័ន្ធ​ការពារ​អាកាស​​​​ដ៏​ទំនើបបំផុត​របស់រុស្ស៊ី ដែលមានសមត្ថភាព​​កម្ទេចគោលដៅ នៅរយៈចម្ងាយ​​រហូតដល់​៤០០គីឡូម៉ែត្រ និងរយៈ​កម្ពស់​ដល់ ​៣០គីឡូ​ម៉ែត្រ បានយ៉ាងងាយ។

ក្រោយពីបានចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស កាលពីថ្ងៃទី២៦ ខែសីហានេះ ថាសហរដ្ឋអាមេរិក បារាំង និងអង់គ្លេសកំពុងរៀបចំការវាយប្រហារជាថ្មី លើរដ្ឋាភិបាលស៊ីរីរួចមក រុស្ស៊ីហាក់មានការប្រុងប្រយ័ត្នកាន់តែខ្លាំងជាងមុនក្នុងការការពារខ្លួនជាមួយនឹងប្រទេសមហាអំណាចទាំងនោះ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធមីស៊ីល S-400 ដែលក្នុង​មួយឈុត​មានតម្លៃ​ប្រមាណ ៤០០លានដុល្លារនេះ ក៏ត្រូវបាន​រុស្ស៊ី​​ដាក់ពង្រាយ​​ដើម្បីការពារ​មូលដ្ឋាន​ទ័ពអាកាស​របស់ខ្លួន នៅក្នុងប្រទេសស៊ីរី​ផងដែរ៕

ដោយ៖ ខ្លាំងៗ