ជប៉ុននៅតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងកូរ៉េខាងជើង​​ដែលអាចបង្ករ​អសន្តិសុខដល់​ជប៉ុន​

នៅថ្ងៃអង្គារ​នេះ​ ក្រសួងការពារជាតិជប៉ុនបានអះអាងថា កូរ៉េខាងជើង នៅតែជាការគំរាមកំហែង​ដ៏ធំដល់សន្តិសុខជាតិ​របស់ខ្លួន បើទោះ​បី​ជាទីក្រុងព្យុងយ៉ាង​​ផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ ព្រមទាំងមាន​ការសន្យាពីមេដឹកនាំ​លោក គីម ជុងអ៊ុន ថានឹងលុបបំបាត់​អាវុធនុយក្លេអ៊ែរ​ ចេញពីឧបទ្វីបកូរ៉េ​ក៏ដោយ។ នេះបើតាម​ការចេញការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨នេះ។

ការលើកឡើង​នេះធ្វើឡើងនៅក្នុងសៀវភៅ​សប្រចាំឆ្នាំមួយ​​ចេញផ្សាយនៅថ្ងៃអង្គារ​ ដែល ក្រសួងការពារជាតិ​ជប៉ុន​បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពយោធា​របស់​កូរ៉េខាងជើង នៅតែជាការ គំរាមកំហែងដ៏​ធំដល់សន្តិសុខជាតិ​ជប៉ុន… ហើយយើងត្រូវតែ​ចាំបាច់រក្សាការយកចិត្តទុក​ដាក់ខ្ពស់បំផុត ក្នុងការឃ្លាំមើល​សកម្មភាព​របស់​កូរ៉េខាងជើង ក្នុងការរំសាយ​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​របស់​ពួកគេ»

យោងតាមព័ត៍មានខាងលើក៏បានឱ្យដឹងទៀតថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ធ្លាប់បានលើក​ឡើងជាសាធារណថា កូរ៉េខាងជើងលែង​ក្លាយជាការ គំរាមកំហែង​នុយក្លេអ៊ែរទៀត​ហើយ បន្ទាប់ពីលោកបាន​ជួបជាមួយ​លោក គីម ជុងអ៊ុន នៅក្នុងប្រទេស​សិង្ហបុរី កាលពីខែមិថុនា​កន្លងទៅ៕

ដោយ៖ ខ្លាំងៗ