សហរដ្ឋអាមេរិកកំពុងរងការថ្កោលទោសពីចិនដែលបានចោទថាចិនបានលួច Hack E-mail របស់លោកស្រី ហ៊ីលឡារី គ្លីនតុន

0
1

ចិនបានថ្កោលទោសអាមេរិកយ៉ាងខ្លាំងចំពោះរឿងចោទថាខ្លួនបានលួច Hack អ៊ីមែលរបស់លោកស្រី ហ៊ីល ឡារី គ្លីនតុន អតីតបេក្ខជនប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ព័ត៍មានដែលចេញផ្សាយដោយសារព័ត៌មាន CGTN​ កាលពីថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ចិនគឺជា ជើងឯកផ្នែកសន្តិសុខព័ត៌មានវិទ្យា ហើយចិនប្រឆាំងជាដាច់ខាតនឹងការវាយប្រហារផ្នែកព័ត៌មានវិទ្យាគ្រប់ទម្រង់។ លោកស្រី Chunying បន្ថែមថាសន្តិសុខព័ត៌មានវិទ្យាគឺជាបញ្ហាសកល ដែលជាប់ពាក់នឹងផលប្រយោជន៍រួមនៃបណ្ដាប្រទេសទំាង​អស់ នៅក្នុងពិភពលោក និងចាំបាច់ត្រូវការឱ្យសហគមន៍អន្តរជាតិទាំងមូលចូលរួមធ្វើការងារជាមួយគ្នា។

ចិនមានប្រតិកម្មយ៉ាងដូច្នេះ ក្រោយពីប្រធានាធិបតីអាមេរិក ​លោក ដូណាល់ ត្រាំ ចោទប្រកាន់ចិនកាលពីថ្ងៃពុធម្សិលមិញនេះ ដោយគ្មានភស្ដុតាងថាចិនជាអ្នក Hack E-mail​ របស់លោកស្រី គ្លីនតុន កាលពីឆ្នាំ២០១៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨នេះផងដែរ។

នេះជាលើកទីពីរហើយដែលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ទៅលើចិនបែបនេះ ចាប់តាំងពីខែមេសា ឆ្នាំ២០១៧កន្លងទៅ លោកធ្លាប់បានចោទទីក្រុងប៉េកាំង ដោយគ្មានភស្ដុងតាង ម្ដងរួចមកហើយថាចិនជាអ្នក Hack E-​mail របស់លោកស្រី ហ៊ីលឡារី គ្លីនតុន៕

គូសបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោកត្រាំ មិនបានបង្ហាញភស្ដុតាង ឬព័ត៌មាន ជាក់លាក់ណាមួយដើម្បីការពារការអះអាងរបស់លោកឡើយ ក្នុងការចោទប្រកាន់ទៅលើចិន។

ដោយ៖ ខ្លាំងៗ